អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស ព្រមាន​ផាក​ពិន័យ​តាម​ផ្លូវ​ច្បាប់ ចំពោះ​ពលរដ្ឋ​ណា​ដែល​មិន​ចូលរួម​អនុវត្ត​សេចក្ដី​ណែនាំ​ទាក់ទង​នឹង​ការ​ទុក​ដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ។ ការ​ព្រមាន​នេះ ធ្វើ​ឡើង​ដោយសារ​ពលរដ្ឋ​ខ្លះ​នៅ​តែ​ទុក​ដាក់​សំរាម​ពាសវាលពាសកាល ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ​កន្លែង​ខ្លះ​មាន​បញ្ហា​កកស្ទះ​សំរាម និង​ធុំ​ក្លិន​ស្អុយ។

ការ​ទុក​ដាក់​សំរាម​មិន​ដឹង​ពេលវេលា គឺ​ជា​មូលហេតុ​ធ្វើ​ឲ្យ​រថយន្ត​ប្រមូល​សំរាម ពិបាក​ប្រមូល​សំរាម​ទាំងនោះ​ឲ្យ​អស់​ពី​តាម​កន្លែង​ទុក​ដាក់​សំរាម​ខ្លះ។

ថ្លែង​នៅ​ក្នុង​កម្មវិធី​ក្រុង​ពាលី​បញ្ចុះ​បឋម​សិលា និង​បើក​ការដ្ឋាន​កែ​សម្រួល​ស្ពាន​អាកាស​ក្បាលថ្នល់ ច្បារអំពៅ នៅ​ថ្ងៃ​ទី​៤ ធ្នូ អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស អះអាង​ថា នៅ​ទីក្រុង​ភ្នំពេញ​សព្វថ្ងៃ ក្នុង​រយៈពេល​មួយ​ថ្ងៃ គឺ​មាន​កាក​សំណល់ និង​សំរាម​ប្រមាណ ២​ពាន់​តោន។ លោក​បញ្ជាក់​ថា អាជ្ញាធរ​នឹង​ផាក​ពិន័យ​តាម​ផ្លូវ​ច្បាប់ ចំពោះ​ពលរដ្ឋ​ដែល​មិន​ព្រម​អនុវត្ត​សេចក្ដី​ណែនាំ​ទាក់ទង​នឹង​ការ​ទុក​ដាក់​កាក​សំណល់ និង​សំរាម​វេច​ខ្ចប់​ត្រឹមត្រូវ ដើម្បី​ឲ្យ​ក្រុមហ៊ុន​ប្រមូល​សំរាម​ងាយ​ស្រួល​ប្រមូល​សំរាម​ទាំងនោះ។

អភិបាល​រាជធានី​ភ្នំពេញ​បញ្ជាក់​ទៀត​ថា មុន​នឹង​ដល់​ដំណាក់​ការ​ប្រើប្រាស់​វិធានការ​ច្បាប់ អាជ្ញាធរ​នៅ​តែ​បន្ត​ចុះ​អប់រំ​ពលរដ្ឋ​ជា​មុន​សិន អំពី​របៀប​វេច​ខ្ចប់​សំរាម ការ​ញែក​សំរាម​រឹង និង​រាវ និង​ការ​យក​សំរាម​ទៅ​ដាក់​ឲ្យ​ចំ​គោលដៅ ដែល​រថយន្ត​សំរាម​មក​ប្រមូល​ជា​ប្រចាំ៖ «ប៉ុន្តែ​តាម​យើង​មើល​ទៅ ប្រហែល​យើង​ចៀស​មិន​ផុត​ពី​ការ​ប្រើ​វិធានការ​រដ្ឋបាល​ច្បាប់ ផាក​ពិន័យ​ចំពោះ​អ្នក​មាន​កំហុស...»

រយៈពេល​កន្លង​ទៅ ជាពិសេស​នៅ​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក បញ្ហា​សំរាម​ពាសវាលពាសកាល និង​ការ​ទុក​ដាក់​សំរាម​ពុំ​បាន​ត្រឹមត្រូវ ត្រូវ​បាន​ពលរដ្ឋ​ខ្លះ​រិះគន់​អាជ្ញាធរ​ភ្នំពេញ ថា​ខ្វះ​សមត្ថភាព​គ្រប់គ្រង​សំរាម។

ទោះ​ជា​យ៉ាង​ណា លោក ប៉ា សុជាតិវង្ស អះអាង​ថា សាលា​រាជធានី​ភ្នំពេញ​ទើប​ទទួល​បាន​គោលការណ៍​ថ្មី​ពី​រដ្ឋាភិបាល ស្ដីពី​ការ​បង្កើត​រោងចក្រ​កែច្នៃ​សំរាម​ឲ្យ​ក្លាយ​ជា​ជីកំប៉ុស ឬ​ក៏​ក្លាយ​ជា​ថាមពល​អគ្គិសនី ព្រម​ទាំង​មាន​ការ​កែប្រែ​កន្លែង​ដាក់​សំរាម ដែល​លោក ប៉ា សុជាតិវង្ស ចាត់​ទុក​ថា គឺ​ជា​វិធីសាស្ត្រ​អាច​ដោះស្រាយ​បញ្ហា​សំរាម​បាន។

ពាក់ព័ន្ធ​បញ្ហា​កាក​សំណល់​សំរាម​នេះ មន្ត្រី​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក សៅ សុភាព អះអាង​ថា ក្រសួង​បាន​ចេញ​អនុក្រឹត្យ​មួយ​កាល​ពី​ចុង​ឆ្នាំ​២០១៥ ដើម្បី​ផ្ទេរ​ភារកិច្ច​ទទួល​បន្ទុក​ខាង​សំរាម ទៅ​ឲ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ជា​អ្នក​ដោះស្រាយ​នៅ​តាម​ទីតាំង​រៀងៗ​ខ្លួន។ លោក​ថា អនុក្រឹត្យ​នោះ មន្ត្រី​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ហាក់​មិន​ទាន់​អនុវត្ត​ឲ្យ​បាន​ពេញលេញ​នៅ​ឡើយ៖ «រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ជាពិសេស​នៅ​តាម​បណ្ដា​ខណ្ឌ-សង្កាត់​នានា បន្ត​ខិតខំ​ប្រឹងប្រែង​ធ្វើ​យ៉ាង​ណា​អនុវត្ត​ភារកិច្ច​ដូច​មាន​ចែង​នៅ​ក្នុង​អនុក្រឹត្យ»

លោក​បន្ត​ថា នៅ​ភ្នំពេញ​ដែល​ជួប​បញ្ហា​កក​ស្ទះ​សំរាម​កន្លង​ទៅ ដោយសារ​ទីតាំង​ខ្លះ​តូច​ចង្អៀត រថយន្ត​ប្រមូល​សំរាម​មិន​អាច​ចូល​ទៅ​ដល់ ដូច្នោះ​លោក​អំពាវនាវ​ឲ្យ​តាម​បណ្ដា​ខណ្ឌ​ទាំងអស់ ត្រូវ​ធ្វើ​យ៉ាង​ណា​កំណត់​ទីតាំង​ច្បាស់លាស់​ណា​មួយ​សម្រាប់​ឲ្យ​ពលរដ្ឋ​ប្រមូល​ផ្ដុំ​សំរាម​នៅ​ទីនោះ ដើម្បី​បង្ក​ការ​ងាយ​ស្រួល​ឲ្យ​រថយន្ត​សំរាម​អាច​ប្រមូល​បាន។ ម្យ៉ាង​វិញ​ទៀត លោក​ថា​បញ្ហា​សំរាម​នេះ កើត​ឡើង​ក៏​ដោយសារ​ផ្នត់​គំនិត​ពលរដ្ឋ​ខ្លះ មិន​ទាន់​ចូលរួម​ទុក​ដាក់​សំរាម​ត្រឹមត្រូវ ហើយ​ទាមទារ​ការ​អប់រំ​បន្ថែម​ពី​អាជ្ញាធរ។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​កែច្នៃ និង​អនាម័យ​សហគមន៍ (CSARO) លោក ហេង យ៉ុនគូរ៉ា បញ្ជាក់​ថា បញ្ហា​ទុក​ចោល​សំរាម​គ្មាន​ការ​ប្រមូល ឬ​យក​ទៅ​កប់​ចោល​ក្នុង​ដី និង​បោះ​ចូល​ក្នុង​ទឹក ជាដើម គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​សោភណភាព​ទីក្រុង​យ៉ាង​ធ្ងន់ធ្ងរ។ មិន​ត្រឹម​ប៉ុណ្ណោះ នៅ​ពេល​កាក​សំណល់ និង​សំរាម​ទាំងនោះ​នៅ​ជាមួយ​ទឹក និង​ដី គឺ​ធ្វើ​ឲ្យ​ទឹក ដី និង​ខ្យល់ ដែល​ស្ថិត​នៅ​ជុំវិញ​ខ្លួន​មនុស្ស សម្បូរ​ទៅ​ដោយ​ក្លិន​អាក្រក់ និង​មាន​សារធាតុ​ពុល ហើយ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​មនុស្ស។

លោក​បន្ត​ថា នៅ​រាជធានី​ភ្នំពេញ មាន​ត្រឹម​ក្រុមហ៊ុន​ប្រមូល​សំរាម មិន​ទាន់​គ្រប់គ្រាន់​ទេ ដូច្នោះ​អាជ្ញាធរ​គួរ​បង្កើត​ឲ្យ​មាន​ក្រុម​អនាម័យ ឬ​ក្រុម​ប្រមូល​សំរាម​បឋម​នៅ​តាម​សង្កាត់​នីមួយៗ ដើម្បី​ជួយ​សម្រួល​ដល់​ក្រុមហ៊ុន​ប្រមូល​សំរាម​ដែល​មិន​អាច​ចូល​ទៅ​យក​សំរាម​នៅ​ទីកន្លែង​ខ្លះ​ដែល​តូច​ចង្អៀត៖ «តាម​ខណ្ឌ-សង្កាត់ ត្រូវ​មាន​ក្រុម​អនាម័យ ហើយ​ក្រុម​អនាម័យ​ត្រូវ​ទទួល​ខុស​ត្រូវ​ជួយ​ប្រមូល​សំរាម​គ្រប់​ច្រកល្ហក ដែល​រថយន្ត​សំរាម​មិន​អាច​ចូល​ដល់»

លោក ហេង យ៉ុនគូរ៉ា អំពាវនាវ​ឲ្យ​អាជ្ញាធរ គួរ​បង្កើត​ធុង​សំរាម​បន្ថែម​នៅ​តាម​ទី​សាធារណៈ រីឯ​ពលរដ្ឋ​បើ​សិន​ជា​ធ្វើ​ដំណើរ​ទេសចរណ៍​ទៅ​កន្លែង​ណា​មួយ មិន​ត្រូវ​បោះ​ចោល​សំរាម​ផ្ដេសផ្ដាស​ទៀត​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គេហទំព័រដើម វិទ្យុអាស៊ីសេរី​

(ចុះ​ផ្សាយ​នៅ​ថ្ងៃ Monday 05,Dec 2016 13:58 PM) | អ្នកទស្សនា 42

ព័ត៌មានដែលពេញនិយម


Copyright © 2016 Postshareall.COM.