តាមការអះអាងរបស់ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ស្វាយប៉ោ និងសង្កាត់ផ្សេងៗ ទៀតនៃក្រុងបាត់ដំបង បានឲ្យដឹងថាក្នុងមូលដ្ឋានពួកគាត់ល្បែងស៊ីសង បទល្មើសជួញដូរ ចែកចាយប្រើប្រាស់គ្រឿងញៀន និងអំពើចោរកម្មជាដើម នៅតែបន្តកើតមានយ៉ាងពេញ បន្ទុកធ្វើឲ្យប៉ះបាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គម។ ប្រជាពលរដ្ឋបានលើកឡើងទៀតថា លោក ប៉ាង ហៀង អធិការនគរបាលក្រុងបាត់ដំបង ក៏ដូចជាអភិបាលក្រុងបាត់ដំបង ហាក់ដូចជាមិនសូវយកចិត្តទុកដាក់បង្ក្រាបបទល្មើសផ្សេងៗដើម្បីពង្រឹងសន្តិសុខសង្គម ផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋនោះទេ។ ការបង្ក្រាបល្បែងស៊ីសងក្នុងក្រុងបាត់ដំបង នាពេលកន្លងមកត្រូវប្រជាពលរដ្ឋរិះគន់ថា ធ្វើដោយដុំដោយកន្លែងឬធ្វើតាមរបៀបចោះៗ ហេតុនេះហើយទើបបទល្មើសនៅតែបន្តកើតឡើងយ៉ាងពេញបន្ទុកដដែល។

កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ សមត្ថកិច្ចនគរបាលខេត្តបាត់ដំបងបានចុះ បង្ក្រាបទីតាំងហ្គេមបាញ់ត្រី២កន្លែង ក្នុងក្រុងបាត់ដំបង ហើយឃាត់ខ្លួនមនុស្ស៥នាក់ ព្រមទាំងដកហូតសម្ភារៈជាវត្ថុតាងមួយចំនួនផងដែរ។ ទីតាំងហ្គេមបាញ់ត្រីទាំង២កន្លែងដែល ត្រូវបង្ក្រាបនោះគឺទី១ -នៅចំណុចក្លឹបរាត្រី ខេធីវី ក្បែរសណ្ឋាគារហាងឡាយ ភូមិព្រែកមហា ទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង និងទី២- នៅចំណុចខាងមុខសណ្ឋាគារហូលីដេ ភូមិ ព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ ក្នុងការបង្ក្រាបនោះសមត្ថកិច្ចរឹបអូសបាន ទូហ្គេមបាញ់ត្រីចំនួន៤ កុំព្យូទ័រ៣គ្រឿង និងសម្ភារៈជាច្រើនទៀត ហើយកសាងសំណុំរឿង ចាត់ការតាមនីតិវិធី។

ប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបង បានទទួលស្គាល់ថាកន្លងមកសមត្ថកិច្ចបង្ក្រាបល្បែង ស៊ីសងនិងបទល្មើសនានា បន្តបន្ទាប់មែនដូចជាបង្ក្រាបអ្នកកត់កន្ទុយលេខនិងហ្គេមបាញ់ត្រី ជាដើម ចំណែកមេកន្ទុយលេខធំៗនិងអ្នកបើកល្បែងភ្នាល់តាមប្រព័ន្ធអនឡាញ មិនទាន់ត្រូវ បានបង្ក្រាបនៅឡើយទេ។ ហេតុនេះហើយទើបប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបង អំពាវនាវឲ្យ លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការ នគរបាលខេត្តបាត់ដំបង ចាត់វិធានការបង្ក្រាបល្បែងស៊ីសង បទល្មើគ្រឿងញៀន និងអំពើ ចោរកម្មក៏ដូចជាបទល្មើសផ្សេងៗទៀតដែលកំពុងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ សន្តិសុខសង្គម។ ក្នុងនោះការបង្ក្រាបល្បែងកន្ទុយលេខ បង្ក្រាបគ្រឿងញៀន និង ល្បែងភ្នាល់តាមប្រព័ន្ធអនឡាញជាដើម ត្រូវបង្ក្រាបមេខ្លោងធំៗព្រោះការបង្ក្រាបតែ ជនល្មើសតូចតាច មិនមែនជាវិធានការពង្រឹងសន្តិសុខសង្គមប្រកបដោយប្រសិទ្ធភាព ពិតប្រាកដឡើយ៕

img_1539 img_1540

គេហទំព័រដើម Moneaksekar

(ចុះ​ផ្សាយ​នៅ​ថ្ងៃ Wednesday 11,Jan 2017 11:18 AM) | អ្នកទស្សនា 5

ព័ត៌មានដែលពេញនិយម


Copyright © 2016 Postshareall.COM.