ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦ រហូតដល់ដើមខែមករា ឆ្នាំ២០១៧ ទង្វើមិនប្រក្រ តីរបស់សមត្ថកិច្ចនគរបាលចរាចរណ៍ក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅតាមបណ្តាខេត្តមួយចំនួនបានធ្វើឲ្យប្រជាពលរដ្ឋទូទៅនិងមជ្ឈដ្ឋាននានារិះគន់យ៉ាងខ្លាំងក្លា ក្នុងខណៈដែលគ្រោះថ្នាក់ចរាចរណ៍នៅតែពុំមានការថយចុះ។ ទាក់ទងនឹងបញ្ហានេះ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិកាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ បានព្រមានថា នឹងចាប់បញ្ជូននគរ បាលដែលបានប្រព្រឹត្តអំពើពុករលួយ និងនគរបាលចរាចរណ៍ដាក់កុងត្រូលពួនស្ទាក់ផាកពលរដ្ឋយកលុយខុសច្បាប់ ទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីរកភស្តុតាំងបញ្ជូនទៅតុលាការកាត់ទោសតាមច្បាប់។ បញ្ហានេះកំពុងត្រូវបានប្រជាពលរដ្ឋតាមដានដោយយកចិត្តទុកដាក់និងវាយតម្លៃជាមុនថា សមត្ថកិច្ចនគរបាលចរាចរណ៍នឹងមិនញញើតចំពោះវិធានការរបស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិឡើយ។

នៅក្នុងពិធីមួយកាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានលើកឡើងថា កន្លងមកប្រធាននាយកដ្ឋានមួយចំនួ្បានកាត់ប្រាក់របបពីមន្ត្រីថ្នាក់ក្រោមដូចជាកាត់របបប្រេងសាំង របបបេសកកម្មនិងប្រាក់របបនានាផ្សេងទៀត។ លោក នេត សាវឿន ក៏បានព្រមានខ្លាំងៗផងដែរដល់នគរបាលចរាចរណ៍ដែលដាក់កុងត្រូលស្ទាក់ផាកពិន័យយកប្រាក់ពីប្រជាពលរដ្ឋខុសច្បាប់ ដោយត្រូវបើកការស៊ើបអង្កេតដើម្បីចាត់វិថានការតាមច្បាប់។ ជុំវិញបញ្ហានេះប្រជាពលរដ្ឋទូទៅបានអំពាវនាវ ឲ្យលោក នេត សាវឿន តាមដានជាប្រចាំនូវសកម្មភាពរបស់នគរបាលចរាចរណ៍ក្នុងរាជធានី ភ្នំពេញ ខេត្តបាត់ដំបង និងខេត្តព្រះសីហនុ ជាដើមដែលកន្លងមកប្រជាពលរដ្ឋរិះគន់យ៉ាងខ្លាំងក្លាចំពោះទង្វើមិនប្រក្រតីនិងអំពើពុករលួយរបស់ពួកគេ។

កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ នាយឧត្តមសេនីយ៍នេត សាវឿន បានលើកឡើងថា « សម្រាប់មន្ត្រីនគរបាលចរាចរណ៍ដែលប្រចាំការនៅតាមដងផ្លូវចាប់ពីម៉ោងនេះតទៅ នឹងចាត់វិធានការលែងឲ្យមានការអប់រំទៀតហើយ។ ពោលគឺមន្ត្រីនគរបាលចរាចរណ៍ដែលប្រចាំការតាមដងផ្លូវត្រូវប្រើប្រាស់ឥរិយាបថឲ្យបានត្រឹមត្រូវ ត្រូវប្តូរចរិតកោសរូសទារប្រាក់ឬទទួលប្រាក់សូកប៉ាន់ពីប្រជាពលរដ្ឋ ហើយត្រូវប្រើប្រាស់សំដីឲ្យបានសមរម្យដាក់ប្រជាពលរដ្ឋ។ សម្រាប់បញ្ហានេះបើនគរបាលចរាចរណ៍ធ្វើមិនបាន ហើយរកឃើញភស្តុតាងគឺត្រូវបញ្ជូនទៅតុលាការតែម្តង»។ មជ្ឈដ្ឋាននានាបានវាយតម្លៃទុកចាមុនថា ការព្រមានឬបទបញ្ជា របស់លោក នេត សាវឿន ដូចខាងលើនេះប្រហែលជាគ្មានប្រសិទ្ធភាពនោះទេ ហើយសមត្ថកិច្ចនគរបាលចរាចរណ៍ដែលត្រូវប្រជាពលរដ្ឋរិះគន់ខ្លាំងជាងគេគឺនគរបាលចរចរណ៍ក្នុងរាជធានីភ្នំពេញតែម្តង។ មានការរិះគន់ចំៗថា ក្នុងរាជធានីភ្នំពេញ ពេលមានករណីកកស្ទះចរាចរណ៍គឺមិនសូវឃើញនគរបាលចរាចរណ៍ចេញមកសម្រួលទេ ប៉ុន្តែនៅពេលត្រួតពិនិត្យ ផាកពិន័យបែរជាមាននគរបាលចរាចរណ៍ឈរធ្វើការជាជួរៗនៅតាមដងផ្លូវទៅវិញ៕

img_1536

នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ

img_1537 img_1538

គេហទំព័រដើម Moneaksekar

(ចុះ​ផ្សាយ​នៅ​ថ្ងៃ Wednesday 11,Jan 2017 11:16 AM) | អ្នកទស្សនា 4

ព័ត៌មានដែលពេញនិយម


Copyright © 2016 Postshareall.COM.