គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីដែលដឹកនាំដោយលោកស្រី កែ សុវណ្ណរតន៍ តំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ ថ្មីៗនេះបានអញ្ជើញចុះបំពេញបេសកកម្មនៅខេត្តស្វាយរៀង ដើម្បីសិក្សា ស្វែងយល់ពីការងារពាក់ព័ន្ធនឹងវិស័យសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី។

ដោយសារថាខេត្តស្វាយរៀង ជាខេត្តមួយដែលមានរោងចក្រ សហគ្រាសជាច្រើន ហើយនាពេលកន្លងមកធ្លាប់សង្កេតឃើញមានបញ្ហាមួយចំនួនបានកើតមានឡើង ដូចជាករណីគ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាបរិស្ថានជាដើម ទើបមន្រ្តីគណៈកម្មការទី៨នៃរដ្ឋសភា បានសំណូមពរនិងជំរុញឲ្យអាជ្ញាធរនិងថ្នាក់ដឹកនាំខេត្តស្វាយរៀង ជួយដោះស្រាយរាល់បញ្ហាទាំងនោះ និងបន្តត្រួតពិនិត្យសុវត្ថិភាពការធ្វើចរាចរណ៍លើដងផ្លូវ ពិសេសជួយត្រួតពិនិត្យទៅលើរថយន្តដឹកកម្មករកម្មការិនី កុំឲ្យមានការដឹកលើសចំណុះជាអាទិ៍។

ក្រោយពីបានជួបប្រជុំជាមួយអាជ្ញាធរខេត្តស្វាយរៀងរួចមក គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល វិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា ក៏បានអញ្ជើញចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋដែលបានអញ្ជើញមកទទួលសេវាសុខាភិបាល នៅមណ្ឌលសុខភាពចក ស្ថិតនៅក្នុងស្រុករំដួល ខេត្តស្វាយរៀង មុននឹងបន្តដំណើរទៅបំពេញបេសកកម្មនៅខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំបន្តទៀតដែលខេត្តទាំងពីរនេះ ក៏មានបញ្ហាជាច្រើនដែលត្រូវដោះស្រាយឲ្យបានល្អផងដែរ។

ជុំវិញបញ្ហាខាងលើនេះមន្រ្តីគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ថាទោះជាបច្ចុប្បន្នគណបក្សសង្រ្គោះជាតិជាគណបក្សជំទាស់ ហើយកំពុងរងផលប៉ះពាល់ដោយសារវិបត្តិនយោបាយក៏ពិតមែន តែគណបក្សសង្រ្គោះជាតិមិនធ្វេសប្រហែសចំពោះយុទ្ធសាស្រ្តនយោបាយរបស់ខ្លួន និងការបំពេញការងារបម្រើប្រជាពលរដ្ឋទាំងក្នុងក្រខ័ណ្ឌរដ្ឋសភា និងក្របខ័ណ្ឌនយោបាយឡើយ។ ជាក់ស្តែងពេលនេះ គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីដែលដឹកនាំដោយលោកស្រី កែ សុវណ្ណរតន៍ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បាននិងកំពុងបំពេញការងារយ៉ាងសកម្ម៕

img_1547

img_1548

 

គេហទំព័រដើម Moneaksekar

(ចុះ​ផ្សាយ​នៅ​ថ្ងៃ Wednesday 11,Jan 2017 13:52 PM) | អ្នកទស្សនា 6

ព័ត៌មានដែលពេញនិយម


Copyright © 2016 Postshareall.COM.