​រាជធានី​ភ្នំពេញ : តារា​សម្ដែង ថៃ នរៈ​ពិ​ទូ ដែល​ត្រូវជា​កូនប្រុស​បង្កើត របស់លោក ថៃ នរៈ​សត្យា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន ពីបទ​ជាប់​ពាក់ព័ន្ធ នឹង​គ្រឿងញៀន​។ ការចាប់ខ្លួន​នេះ អាច​នឹងធ្វើ​ឲ្យ​អតីត «Freshie Boy ឆ្នាំ​២០០៦» រូបនេះ ដែល​ត្រូវបាន​ចាប់ខ្លួន​រួម​នឹង​ភរិយា​ខ្លួន​ផង​នោះ ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​។ នេះ​បើតាម​ការអះអាង ពី​សំណាក់​មន្ត្រី ស្និត​នឹង​សំណុំរឿង​។​

 

​ក្រោយ​ការចាប់ខ្លួន​លោក ថៃ នរៈ​វិទូ ជា​អតីត​តារា​សម្ដែង និង​ជា​អតីត​ហ្វ្រេ​ស៊ី លោក ថៃ នរៈ​សត្យា ជា​ឪពុក ដែលមាន​នាទី​ជា​រដ្ឋលេខាធិការ​បស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​អះអាងថា លោក​មិន​លូកដៃ​ក្នុង​រឿង​កូនប្រុស​ត្រូវ​តុលាការខេត្ត​បាត់ដំបង ចោទប្រកាន់​ពីបទ​ពាក់ព័ន្ធ​រឿង​គ្រឿងញៀន​នៅ​នោះឡើយ​។ យ៉ាងណាមិញ​លោក​ថា​ទឹក​ចិត្តជា​ឪពុក គឺ​អាណិត ហើយ​ឈឺចាប់ តែ​មិនអាច​ល្មើសច្បាប់​បណ្ដាល​ឲ្យ​មានការ​រិះគន់​នោះឡើយ​។​

 

«​ទឹកចិត្ត​ឪពុក បានត្រឹមតែ​អាណិត តែបើ​ឲ្យ​ខ្ញុំ​ទៅធ្វើ​អី ខុស​នឹង​ច្បាប់ ខ្ញុំ​មិន​ធ្វើ​ទេ​។ ខ្ញុំ​ទុក​សិទ្ធិ​អោយ​តុលាការ គាត់​ដោះស្រាយ​។ ធ្វើ​ម៉េច បើ​កូន​យើង​អញ្ចឹង​!»។ នេះជាការ​លើកឡើង របស់លោក ថៃ នរៈ​សត្យា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ នៅក្នុង​កិច្ច​សម្ភាស​មួយ ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ ក្នុងស្រុក​។​

 

​លោក​បានផ្ដល់​សម្ភាសន៍​ថា លោក​មិន​បានដឹង​រឿង​ពាក់ព័ន្ធ​នឹង​រឿង​កូនប្រុស ភ្លើតភ្លើន​រហូត​បានក្លាយ​ជា​បក្សពួក​របស់​ក្រុម​អ្នកជួញដូរ គ្រឿងញៀន​នៅ​ខេត្តបាត់ដំបង​នោះទេ ដោយសារតែ​ពេលកន្លងមក​លោក និង​លោក ថៃ នរៈ​វិទូ ជា​កូនប្រុស ស្ថិត​នៅក្រៅ​បន្ទុក​ពីគ្នា​ចាប់តាំងពី​លោក​រៀបការ ឲ្យ​កូនប្រុស​មានគ្រួសារ​រៀងខ្លួន​។ លោ​កថា​ការងារ​រវល់ គឺជា​មូល​ហេតុដែល​មិនអាច​ឲ្យ​លោក​បានដឹង​ស៊ីជម្រៅ​ពាក់ព័ន្ធ​នឹង​រឿង កូនប្រុស ប៉ុន្តែ​លោក​ក៏​មិនបាន​ប្រកែក​ថា​លោក ថៃ នរៈ​វិទូ រង​ការប្រកាន់ ហើយ​មិនបាន​ពាក់ព័ន្ធ​នឹង​រឿង​ជួញដូរ​គ្រឿងញៀន​នោះឡើយ​។ លោក​ថា មិនមាន​គម្រោង​ជួយ​ដោះ​កូនប្រុស​ពី​ការចោទប្រកាន់​នោះទេ បើទោះជា​លោក​មាន​នាទី​ជាម​ន្ត្រី​ដែលមាន​ឥទ្ធិពល​ម្នា​ក់នៅ ក្នុង​ក្រសួង​មួយ​។

 

​លោក​បដិសេធ​ឡើងទៅ​ខេត្តបាត់ដំបង ទៅ​មើល​កូនប្រុស​ដែល​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន ដោយ​ថា​វត្តមាន​របស់លោក​នឹង​អាចធ្វើ​ឲ្យ​ចំណាត់ការ​ផ្លូវច្បាប់​មាន​ភាព ស្ទាក់ស្ទើរ ឬ​ទើសទាល់​សម្រាប់​ក្រុម​សមត្ថកិច្ច​។ លោក​ថា ខ្លួន​បានត្រឹមតែ​មាន​តំណាង​គ្រួសារ​ឡើងទៅ​មើល​ដើម្បី ជួយ​លើកទឹកចិត្ត​ដល់​កូនប្រុស​កុំ​ឲ្យ​ឯកោ​ប៉ុណ្ណោះ តែ​សម្រាប់​វិធានការ​ការពារ​កូនប្រុស​អោយនៅ​ក្រៅ​ឃុំ​គឺ លោក​មិន​ធ្វើ​នោះទេ ដើម្បី​បញ្ចៀស​នូវ​ការរិះគន់​។​

 

​លោក​និយាយថា​៖ «​លូវ​ហ្នឹង​ខ្ញុំ​មានការ​ទៅ​ប្រជុំ​នៅ​ខេត្ត ផ្សេង រឿង​ហ្នឹង​ប្រហែល​គ្រួសារ​ខ្ញុំ​(​ប្រពន្ធ កូន​) ទៅ​មើល តែ​មិនមែន​ទៅ​ដោះស្រាយ​ទេ គឺ​យើង​ទុកអោយ​ច្បាប់​គាត់​ចាត់ចែង សម្រាប់​ខ្ញុំ​ជា​ឪពុក ខ្ញុំ​អត់​ចង់ឃើញ​កូន​ត្រូវ​ជាប់ឃុំ​ចឹ​ង​ទេ ហើយក៏​រឹត​មិន​ចង់អោយ​កូនប្រុស​ស្អុយឈ្មោះ​ចឹ​ង​ទៀត តែ​ធ្វើ​មិច​បើ​ច្បាប់​រកឃើញ​ចឹ​ង ចឹ​ង​យើង​រង់ចាំ​ស្ដាប់​ការដោះស្រាយ​របស់​ច្បាប់​វិញ យើង​អត់​ទៅធ្វើ​អ្វី​លើសពី​និតិ​វិធី​ច្បាប់​បានទេ​!»​។

 

​លោក​មិន​ហ៊ាន​រំពឹងថា​លោក ថៃ នរៈ​វិទូ រួច​ផុតពី​ការចោទប្រកាន់​នោះទេ បន្ទាប់ពី​ខាង​សមត្ថកិច្ច​រកឃើញ​ជន​ពាក់ព័ន្ធ​គ្រឿងញៀន​មួយក្រុម ធំ​នៅ​ខេត្តបាត់ដំបង​មាន​គ្នា​៦​នាក់ ហើយ​ក្រោយ​សារភាព​គឺ​លោក​ថៃ នរៈ​វិទូ ក៏​ជា​បក្សពួក​ក្នុង​រឿង​ប្រើប្រាស់ និង​ចែក​កចាយ​គ្រឿងញៀន​ម្នាក់​ដែរ​។

 

​លោក​និយាយថា​៖ «​ខ្ញុំ​អត់​ដឹងថា​គេ​(​ថៃ នរៈ​វិទូ​) ធ្វើ​អី​ខ្លះ​ទេ​រាល់ថ្ងៃ តែ​ខ្ញុំ​អត់ថា​កូន​ខ្ញុំ​ត្រូវ​ទេ ចាំមើល​និតិ​វិធី​ច្បាប់​សិន​!»៕

11-1-2017

គេហទំព័រដើម Kntnews

(ចុះ​ផ្សាយ​នៅ​ថ្ងៃ Wednesday 11,Jan 2017 15:21 PM) | អ្នកទស្សនា 31

ព័ត៌មានដែលពេញនិយម


Copyright © 2016 Postshareall.COM.