សង្គម​ស៊ីវិល​លើក​ឡើង​ថា បើ​សិន​ជា​កម្ពុជា ជាពិសេស​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) អនុវត្ត​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ដោយ​ប្រសិទ្ធភាព និង​គ្មាន​ការ​សូកប៉ាន់​លុយ​ក្រោម​តុ នៅ​ពេល​នោះ​អ្នក​វិនិយោគ​បរទេស​ដែល​គិត​អំពី​គោលការណ៍​គោរព​សិទ្ធិ​មនុស្ស និង​បញ្ហា​ធនធាន​ជាតិ នឹង​មក​ធ្វើ​ការ​វិនិយោគ​បន្ថែម​នៅ​កម្ពុជា។

ការ​លើក​ឡើង​នេះ បន្ទាប់​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ប្រកាស​ថា នឹង​ចុះ​អនុស្សរណៈ​យោគយល់​ជាមួយ​ក្រុមហ៊ុន​រក​ស៊ី​ប្រមាណ ២០០​ក្រុមហ៊ុន ដើម្បី​កាត់​បន្ថយ​អំពើ​ពុក​រលួយ​នៅ​ក្នុង​ការ​វិនិយោគ​ពី​បរទេស។ ពាក់ព័ន្ធ​នឹង​ការ​ចុះ​អនុស្សរណៈ​នេះ ត្រូវ​បាន​សង្គម​ស៊ីវិល​គាំទ្រ និង​ចាត់​ទុក​ថា វា​ជា​ការ​ខិតខំ​ប្រឹងប្រែង​បន្ថែម​ក្នុង​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ក្នុង​វិស័យ​ពាណិជ្ជកម្ម។

សង្គម​ស៊ីវិល​ដែល​តាមដាន​វិធានការ​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​កម្ពុជា បាន​បែងចែក​វិនិយោគិន​បរទេស​ជា​ពីរ​ប្រភេទ គឺ​អ្នក​ទី​១ ឈ្មោះ​ថា​អ្នក​វិនិយោគ​បរទេស​ចិត្ត​ខ្មៅ រីឯ​អ្នក​ទី​២ គឺ​ជា​អ្នក​វិនិយោគ​បរទេស​ចិត្ត​ស។

អ្នក​វិនិយោគ​ចិត្ត​ខ្មៅ គឺ​ចូល​ចិត្ត​ទៅ​រក​ស៊ី​នៅ​ប្រទេស​សម្បូរ​អំពើ​ពុក​រលួយ ដែល​អាច​សូកប៉ាន់​មន្ត្រី​ធំៗ​ដោយ​ងាយ ព្រោះ​អ្នក​វិនិយោគ​ប្រភេទ​នេះ គិត​អំពី​ផល​ចំណេញ​របស់​ខ្លួន​ជា​ធំ ហើយ​ទោះ​ជា​ត្រូវ​រក​ស៊ី​តាម​រូបភាព​បែប​ណា​ក៏ដោយ ទាំង​ការ​រំលោភ​យក​ដីធ្លី ឬ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​ដីធ្លី ជាពិសេស​គឺ​មិន​ខ្វល់​អំពី​គោលការណ៍​គោរព​សិទ្ធិ​មនុស្ស និង​ធនធាន​ធម្មជាតិ​ដែល​ពួក​គេ​មក​វិនិយោគ​នៅ​តំបន់​នោះ​ទេ។

ចំណែក​អ្នក​វិនិយោគ​បរទេស​ចិត្ត​ស​វិញ គឺ​ជា​អ្នក​ដែល​គិត​អំពី​ផល​ចំណេញ​ដូច​គ្នា តែ​ខុស​ត្រង់​ថា អ្នក​វិនិយោគិន​ប្រភេទ​នេះ មុន​នឹង​ធ្វើ​ការ​វិនិយោគ​មក​ប្រទេស​ណា​មួយ គឺ​ពួក​គេ​ស្រាវជ្រាវ​ទៅ​លើ​ប្រទេស​នោះ​យ៉ាង​ច្បាស់លាស់ ថា​ជា​ប្រទេស​ដែល​ស្អាតស្អំ​គ្មាន​អំពើ​ពុក​រលួយ និង​គោរព​សិទ្ធិ​មនុស្ស​បាន​ខ្ជាប់ខ្ជួន​ដែរ​ឬ​ទេ។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ ថ្លែង​ប្រាប់​អាស៊ីសេរី​ថា ប្រទេស​ដែល​មាន​អភិបាលកិច្ច​ល្អ និង​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ត្រឹមត្រូវ គឺ​តែងតែ​តម្រង់​ទិស​ឲ្យ​អ្នក​វិនិយោគ​របស់​ខ្លួន នៅ​ពេល​ទៅ​រក​ស៊ី​នៅ​ប្រទេស​ណា​មួយ គឺ​មិន​ត្រូវ​ធ្វើ​ឲ្យ​ប៉ះពាល់​ផល​ប្រយោជន៍​របស់​ប្រជាជន​នៃ​ប្រទេស​នោះ​ទេ។ លោក​បន្ត​ថា វា​គឺ​ជា​សំណាង​មួយ​សម្រាប់​កម្ពុជា ដែល​ជា​ប្រទេស​កំពុង​អភិវឌ្ឍ បើ​សិន​ជា​អាច​ទាក់ទាញ​អ្នក​វិនិយោគ​បរទេស​ប្រភេទ​នេះ​បាន៖ «អ៊ីចឹង​មាន​តែ​ប្រទេស​ដែល​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​អ្នក​វិនិយោគ​ចិត្ត​ខ្មៅ ដែល​មក​វិនិយោគ ហើយ​សូកប៉ាន់​មនុស្ស​ពីរ​បី​នាក់ រួច​ហើយ​ទទួល​បាន​សិទ្ធិ​ធ្វើ​អ្វី​បែប​យ៉ាង​ផ្ដេសផ្ដាស សូម្បី​អាជ្ញាធរ​ក៏​មិន​ហ៊ាន​ដែរ ព្រោះ​គេ​អាង​មនុស្ស​ពីរ​បី​នាក់​នៅ​ក្រោយ​ខ្នង»

ការ​លើក​ឡើង​បែប​នេះ បន្ទាប់​ពី​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង ប្រកាស​នៅ​ក្នុង​ទិវា​ជាតិ-អន្តរជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ នឹង​ចុះ​អនុស្សរណៈ​យោគយល់​គ្នា (MoU) ជាមួយ​ក្រុមហ៊ុន​ប្រមាណ ២០០​ក្រុមហ៊ុន នៅ​អំឡុង​ខែ​មករា នេះ ដើម្បី​ទប់ស្កាត់​អំពើ​ពុក​រលួយ​ក្នុង​ការ​វិនិយោគ និង​ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​បរទេស​បន្ថែម។

លោក ឱម យ៉ិនទៀង បញ្ជាក់​ថា ការ​ចុះ​អនុស្សរណៈ​នេះ​ក្រោយ​ពី​អង្គភាព​របស់​លោក​ទទួល​បាន​សំណើ​ពី​ប្រទេស​ចិន ដើម្បី​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ជួយ​ក្រុមហ៊ុន​រក​ស៊ី​របស់​ចិន គេច​ផុត​ពី​អំពើ​ពុក​រលួយ ស្រប​ពេល​គម្រោង​វិនិយោគ​ភាគច្រើន និង​មាន​តម្លៃ​រាប់​លាន​ដុល្លារ គឺ​មក​ពី​ប្រទេស​ចិន។

អាស៊ីសេរី មិន​អាច​សុំ​ការ​បកស្រាយ​បន្ថែម​ពី​លោក ឱម យ៉ិនទៀង បាន​ទេ​នៅ​ថ្ងៃ​ទី​១០ មករា។

ឱម យ៉ិនទៀង ២០១៦ ៨៥៥
ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង ថ្លែង​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៦។ RFA/Leng Maly RFA/Leng Maly

លោក សន ជ័យ ចាត់​ទុក​ថា គម្រោង​ចុះ​អនុស្សរណៈ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ជាមួយ​ក្រុមហ៊ុន​ប្រមាណ ២០០​ក្រុមហ៊ុន​នេះ គឺ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចង់​បង្ហាញ​ឆន្ទៈ ដើម្បី​ជួយ​ការពារ​អ្នក​វិនិយោគ​បរទេស​ដែល​មាន​ឱកាស​មក​រក​ស៊ី​នៅ​កម្ពុជា ចៀស​ផុត​ពី​អំពើ​ពុក​រលួយ ហើយ​ម្យ៉ាង​វិញ​ទៀត ការ​សហការ​គ្នា​ដែល​មាន​ការ​តាំង​ចិត្ត​បែប​នេះ គឺ​ចង់​បង្ហាញ​ប្រាប់​ទៅ​ដល់​អ្នក​ចូល​ចិត្ត​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។ ទោះ​ជា​យ៉ាង​ណា មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ចង់​ឃើញ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ មាន​វិធានការ​ម៉ត់ចត់ ជាក់លាក់ និង​យូរ​អង្វែង​នៅ​ក្នុង​កិច្ច​ការងារ​នេះ ហើយ​ត្រូវ​ឆ្លើយតប​ឲ្យ​ទាន់​ពេលវេលា នៅ​ពេល​មាន​សេចក្ដី​រាយការណ៍​ថា​មាន​ករណី​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ឬ​មាន​ករណី​មន្ត្រី​ខ្លះ​បង្ខំ​ឲ្យ​ក្រុមហ៊ុន​រក​ស៊ី​បរទេស សូកប៉ាន់​លុយ​កាក់​ក្រោម​តុ​ជាដើម៖ «ក្រៅ​ពី MoU យើង​នៅ​តែ​ទទូច​ឲ្យ​ការងារ​ដោយ​ឯករាជ្យ ម៉ត់ចត់ និង​ស៊ី​ជម្រៅ ដើម្បី​ការពារ​អ្នក​វិនិយោគ​ស្លូត​ត្រង់»

ថ្វីត្បិតតែ​យ៉ាង​ណា​ក្ដី រយៈពេល​កន្លង​មក ពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​តែងតែ​ចាត់​ទុក​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក ឱន យ៉ិនទៀង ខ្វះ​ភាព​ឯករាជ្យ និង​គ្មាន​តម្លាភាព ជាដើម។ ការ​ចាត់​ទុក​នោះ ដោយសារ​កន្លង​មក អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ហាក់​មិន​មាន​ឆន្ទៈ​ដើម្បី​ស៊ើប​អង្កេត នៅ​ពេល​មាន​មន្ត្រី​រដ្ឋាភិបាល​ធំៗ​ត្រូវ​គេ​សង្ស័យ​ថា​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។

ជាក់ស្ដែង ដូចជា​ការ​ចេញ​របាយការណ៍​មួយ​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៦ របស់​អង្គការ គ្លបល វីនេស (Global Witness) និយាយ​ពី​ការ​ក្ដោបក្ដាប់​ជំនួញ​នៅ​កម្ពុជា របស់​សែស្រឡាយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​រក​ឃើញ​ថា គ្រួសារ​លោក ហ៊ុន សែន មាន​ទ្រព្យ​សម្បត្តិ​មិន​តិច​ជាង​ពាន់​លាន​ដុល្លារ និង​មាន​ក្រុមហ៊ុន​រក​ស៊ី​ក្នុង​ស្រុក​មិន​តិច​ជាង ១១៤​ក្រុមហ៊ុន ហើយ​ដែល​គេ​សង្ស័យ​ថា លោក​នាយក​រដ្ឋមន្ត្រី​រំលោភ​អំណាច និង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។

ជាមួយ​គ្នា​នោះ ករណី​សង្ស័យ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​មួយ​ទៀត​នៃ​ការ​នាំ​ខ្សាច់​ទៅ​លក់​នៅ​បរទេស ជាពិសេស​ទៅ​កាន់​ប្រទេស​សិង្ហបុរី និង​ឥណ្ឌា ដែល​អាច​បាត់​លុយ​រាប់​លាន​ទៅ​ក្នុង​អំពើ​ពុក​រលួយ ក៏​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​លោក ឱម យ៉ិនទៀង មិន​ទាន់​បើក​ការ​ស៊ើប​អង្កេត​នៅ​ឡើយ​ទេ​មក​ទល់​ពេល​នេះ ថ្វីត្បិតតែ​មាន​ការ​ជំរុញ និង​ទទូច​ពី​មន្ត្រី​បក្ស​ប្រឆាំង និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​យ៉ាង​ណា​ក្ដី។

ចំណែក​ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល អះអាង​ប្រាប់​អាស៊ីសេរី​ដែរ​ថា បញ្ហា​សង្គម​ទាំងអស់​ដែល​តែង​កើត​ឡើង​សព្វថ្ងៃ ដូចជា​ការ​បង្ខំ​ពលរដ្ឋ​ចេញ​ពី​ផ្ទះ​សម្បែង និង​ដីធ្លី និង​ករណី​កាប់​បំផ្លាញ​ព្រៃ​ឈើ និង​រុករក​រ៉ែ​ទាំង​ខុស​ច្បាប់ គឺ​កើត​ឡើង​ដោយសារ​អំពើ​ពុក​រលួយ៖ «សរុប​ទៅ គ្រប់​រឿង​សង្គម​ទាំងអស់ មិន​ដែល​មាន​រឿង​ណា​ថា​មិន​ពាក់ព័ន្ធ​អំពើ​ពុក​រលួយ​ទេ ហើយ​អំពើ​ពុក​រលួយ​គឺ​ជា​មូលហេតុ​បង្ក​ឲ្យ​មាន​បញ្ហា​ជាច្រើន ដូចជា​ដេញ​ពលរដ្ឋ​ចេញ​ពី​ដីធ្លី កាប់​បំផ្លាញ​ព្រៃ​ឈើ និង​រុករក​រ៉ែ​ខុស​ច្បាប់ ជាដើម»

លោក ព្រាប កុល បញ្ជាក់​ថា បើ​សិន​បញ្ហា​ពុក​រលួយ​នៅ​ក្នុង​សង្គម​ទាំងនេះ គេ​មាន​វិធានការ​ដោះស្រាយ​ត្រឹមត្រូវ គឺ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​រីក​ចម្រើន និង​អាច​ទាក់ទាញ​អ្នក​វិនិយោគ​បរទេស​សំខាន់ៗ​ផ្សេង​ទៀត​មក​រក​ស៊ី​នៅ​កម្ពុជា។

ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា រូប​នេះ​ក៏​បន្ត​ថា នៅ​ប្រទេស​ដែល​មាន​ស្ថាប័ន​ប្រឆាំង​អំពើ​ពុក​រលួយ​ដោយ​ឯករាជ្យ ហើយ​នៅ​ពេល​មាន​របាយការណ៍ ឬ​ព័ត៌មាន​និយាយ​អំពី​មន្ត្រី​រដ្ឋាភិបាល​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ដែល​មាន​ទឹកប្រាក់​រាប់​លាន​ដុល្លារ​បែប​នេះ ដូចជា​ការ​ចេញ​របាយការណ៍​របស់ គ្លបល វីនេស និង​មន្ទិល​សង្ស័យ​ពី​ការ​នាំ​ខ្សាច់​ជាដើម គឺ​គេ​ប្រាកដ​ជា​បើក​ការ​ស៊ើប​សង្កេត​ដើម្បី​ស្វែងរក​ការពិត​ជូន​សាធារណជន៖ «នៅ​ពេល​មាន​ព័ត៌មាន​ដែល​សង្ស័យ​ថា ប្រព្រឹត្ត​អំពើ​ពុក​រលួយ គាត់​គួរ​តែ​ស៊ើប​អង្កេត ដើម្បី​ស្វែងរក​ការពិត»

ប៉ុន្តែ​ពលរដ្ឋ​ខ្លះ និង​បក្ស​ប្រឆាំង រួម​ទាំង​សង្គម​ស៊ីវិល នៅ​តែ​គិត​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​កម្ពុជា បំពេញ​ការងារ​ដើម្បី​បម្រើ​ផល​ប្រយោជន៍​ឲ្យ​គណបក្ស​កាន់​អំណាច​តែ​ប៉ុណ្ណោះ ព្រោះ​ជាក់ស្ដែង​នៅ​ក្នុង​សំណុំ​រឿង​សញ្ចារកម្ម​ផ្លូវ​ភេទ​រវាង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​អ្នក​នាង ខុម ចាន់តារាទី ហៅ​ស្រី​មុំ គឺ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ចាត់​វិធានការ​ទាំង​ប្រញាប់ប្រញាល់ រហូត​មាន​ការ​ឃុំ​ខ្លួន​មន្ត្រី​បក្ស​ប្រឆាំង មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ពន្ធនាគារ ពី​បទ​សង្ស័យ​ថា​សូកប៉ាន់​សាក្សី​ចំនួន​ទឹកប្រាក់ ៥០០​ដុល្លារ​ជាដើម។

ជាង​នេះ​ទៅ​ទៀត នៅ​ក្នុង​ឆ្នាំ​២០១៦ កន្លង​ទៅ​នេះ សង្គម​ស៊ីវិល​លើក​ឡើង​ថា បញ្ហា​អំពើ​ពុក​រលួយ​មិន​ទាន់​បាន​ថយ​ចុះ​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ឡើយ បើ​ទោះ​បី​ជា​អង្គការ​ប្រឆាំង​អំពើ​ពុក​រលួយ​អះអាង​ថា នៅ​ឆ្នាំ​២០១៦ បណ្ដឹង​ពាក់ព័ន្ធ​អំពើ​ពុក​រលួយ​បាន​ថយ​ចុះ បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៥។

នៅ​ក្នុង​ទិវា​ជាតិ-អន្តរជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង ប្រកាស​ថា អង្គភាព​លោក​នឹង​ជ្រើសរើស​មន្ត្រី​នគរបាល​យុត្តិធម៌​បន្ថែម ២០០​នាក់ ដើម្បី​ឲ្យ​ទៅ​បម្រើ​ការងារ​នៅ​តាម​ការិយាល័យ​ប្រឆាំង​អំពើ​ពុក​រលួយ ដែល ACU សម្រេច​បង្កើត​ឡើង​នៅ​ខេត្ត​មួយ​ចំនួន ដូចជា​នៅ​ខេត្ត​ស្វាយរៀង និង​បាត់ដំបង ជាដើម។

ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល ទទួល​ស្គាល់​ថា រយៈពេល​ចុង​ក្រោយ​នេះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ខិតខំ​ប្រឹងប្រែង​ជាង​មុន ដើម្បី​ផ្សព្វផ្សាយ និង​បង្ការ​អំពើ​ពុក​រលួយ ប៉ុន្តែ​កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ មិន​ទាន់​អាច​ទទួល​យក​បាន​ឡើយ​ពី​សំណាក់​ពលរដ្ឋ ព្រោះ​អង្គភាព​នេះ​នៅ​តែ​មិន​អាច​អនុវត្ត​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ឲ្យ​បាន​ត្រឹមត្រូវ និង​នៅ​តែ​យោគយល់​ចំពោះ​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​ខ្លះ ដែល​គេ​សង្ស័យ​ថា​ប្រព្រឹត្ត​អំពើ​ពុក​រលួយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គេហទំព័រដើម វិទ្យុអាស៊ីសេរី​

(ចុះ​ផ្សាយ​នៅ​ថ្ងៃ Wednesday 11,Jan 2017 17:57 PM) | អ្នកទស្សនា 28

វីដេអូថ្មីៗសំរាប់ថ្ងៃនេះ


ព័ត៌មានដែលពេញនិយម


Copyright © 2016 Postshareall.COM.