ប្រជាពលរដ្ឋ​​មាន​ទំនាស់​ដីធ្លី​ប្រមាណ ៧០​នាក់ មក​​ពី ៣​សហគមន៍​ផ្សេង​គ្នា​ នាំ​គ្នា​តវ៉ា​នៅ​មុខ​សាលា​ខេត្ត​បន្ទាយមានជ័យ​ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​មករា ដើម្បី​ជំរុញ​ឲ្យ​អាជ្ញាធរ​ខេត្ត​​ជួយ​រក​ដំណោះស្រាយ​ជូន​ពួកគាត់។

ក្រុម​អ្នក​តវ៉ា​​ទាំង​អស់​​នោះ​ អ្នក​ខ្លះ​មក​ពី​ស្រុក​ថ្មពួក ស្រុក​អូរជ្រៅ​ និង​សហគមន៍​ដីធ្លី​ផ្លូវ​រថភ្លើង​នៅ​ក្រុង​ប៉ោយប៉ែត។

តំណាង​ក្រុម​អ្នក​តវ៉ា​ម្នាក់​មក​ពី​សហគមន៍​ដីធ្លី​ផ្លូវ​រថភ្លើង សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត​ លោក វន វ័ន ផ្ដល់​សម្ភាសន៍​​ឲ្យ​អាស៊ីសេរី នៅ​មុខ​សាលា​ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​មករា ថា មូលហេតុ​ដែល​ពួកគាត់​តវ៉ា​ ដោយសារ​ពួកគាត់​ទទូច​ឲ្យ​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ដោះស្រាយ​សំណង​ប៉ះពាល់​ចំនួន ៣៧​លើក​មក​​ហើយ​ តែ​គ្មាន​ដំណោះ​ស្រាយ​នោះ​ទេ។ លោក​អះអាង​ថា​ ការ​តវ៉ា​លើក​នេះ​ គឺ​អាជ្ញាធរ​ខេត្ត​បាន​ត្រឹម​សម្របសម្រួល​ជាមួយ​ពួកគាត់​ដោយ​ថា នឹង​ចុះ​ទៅ​ពិនិត្យ​មើល​ឡើង​វិញ​ដល់​ទី​កន្លែង​រស់​នៅ​របស់​ពួកគាត់​ ដើម្បី​ធ្វើ​របាយការណ៍​ទៅ​អន្តរក្រសួង​​វាយ​តម្លៃ​តាម​ការ​ជាក់ស្ដែង៖ «»។

អាស៊ីសេរី​មិន​អាច​ទាក់ទង​អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក សួន បវរ ដើម្បី​សុំ​អត្ថាធិប្បាយ​បន្ថែម​​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី​១១ ខែ​មករា ដោយ​លោក​ប្រាប់​ថា ជាប់​រវល់​ធ្វើ​សន្និបាត។ ប៉ុន្តែ​ក្រុម​អ្នក​តវ៉ា​អះអាង​ថា ​អាជ្ញាធរ​ខេត្ត​សន្យា​ថា នឹង​បញ្ជូន​មន្ត្រី​សាលា​ខេត្ត​ចុះ​ទៅ​ជួប​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​មក​ពី​ស្រុក​ថ្មពួក នៅ​ថ្ងៃ​ទី​១៨ ខែ​មករា ខាង​មុខ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ​ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា ​ការ​ដោះស្រាយ​​​របស់​អាជ្ញាធរ​នេះ​ ហាក់​គ្រាន់​តែ​ជា​ការ​សម្របសម្រួល​បន្ទន់​ចិត្ត​ក្រុម​អ្នក​តវ៉ា​ ដើម្បី​បញ្ចៀស​បញ្ហា​មួយ​គ្រា​ប៉ុណ្ណោះ។ លោក​កត់សម្គាល់​ថា កន្លង​ទៅ​អាជ្ញាធរ​ខេត្ត​ច្រើន​តែ​បង្កើត​គណៈកម្មការ​ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល​ដី​ទំនាស់ ប៉ុន្តែ​ពុំ​បាន​ដោះស្រាយ​អ្វី​ជូន​ពលរដ្ឋ​ឡើយ៖ «»។

លោក ស៊ុំ ច័ន្ទគា បន្ថែម​ថា​ បញ្ហា​ទំនាស់​ដីធ្លី​នៅ​ខេត្ត​មួយ​នេះ​​មិន​ទាន់​ដោះស្រាយ​មាន​ជិត ៣០០​ករណី។

​ក្រុម​អ្នក​តវ៉ា​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​មករា ដដែល​​ បន្ទាប់​ពី​អភិបាល​ខេត្ត​បន្ទាយមានជ័យ ចេញ​មក​ជួយ​សម្របសម្រួល​ជាមួយ​ពួកគាត់។ ពួកគាត់​អះអាង​ថា​ ប្រសិន​បើ​អាជ្ញាធរ​មិន​ដោះស្រាយ​ដូច​ការ​សន្យា​ទេ ពួកគាត់​នឹង​តវ៉ា​សា​ជា​ថ្មី​ទៀត​ក្នុង​ពេល​ឆាប់ៗ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គេហទំព័រដើម វិទ្យុអាស៊ីសេរី​

(ចុះ​ផ្សាយ​នៅ​ថ្ងៃ Wednesday 11,Jan 2017 18:35 PM) | អ្នកទស្សនា 10

ព័ត៌មានដែលពេញនិយម


Copyright © 2016 Postshareall.COM.