ក្រុម​បច្ចេកទេស​ទូរទស្សន៍​ព្រះអាទិត្យ ដែល​រៀបចំ​ឡើង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​រត់​ឯកសារ​ដំឡើង​អង់តែន​ទូរទស្សន៍​ព្រះអាទិត្យ នៅ​ទីតាំង​ថ្មី​មួយ​ទៀត​ក្នុង​រាជធានី​ភ្នំពេញ ក្រោយ​ពី​អភិបាល​ខែត្រ​កណ្ដាល មិន​អនុញ្ញាត​ឲ្យ​ដំឡើង​អង់តែន​នៅ​ក្រុង​តាខ្មៅ កាល​ពី​ឆ្នាំ​២០១៦។

អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លើក​ឡើង​ថា បើ​សិន​ជា​រដ្ឋាភិបាល​ពិត​ជា​មិន​រារាំង​ដំណើរ​ការ​ដំឡើង​ទូរទស្សន៍​នេះ នឹង​មិន​មាន​បញ្ហា​អ្វី​ទេ ព្រោះ​ថា​គណបក្ស​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​រួច​ហើយ​អំពី​គ្រោង​ការ​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យ​របស់​គណបក្ស​ប្រឆាំង​នេះ។

ក្រុម​ការងារ​បច្ចេកទេស​របស់​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​នឹង​បញ្ជូន​លិខិត​ស្ដីពី​ការ​រៀបចំ​ដំឡើង​ស្ថានីយ​ទូរទស្សន៍​ព្រះអាទិត្យ ឬ​សាន់ធីវី (Sun TV) ទៅ​សាលា​រាជធានី​ភ្នំពេញ​នៅ​ពេល​ឆាប់ៗ​នេះ ដើម្បី​ស្នើសុំ​ដំឡើង​អង់តែន​ទូរទស្សន៍​នេះ​ជា​ថ្មី​ម្ដង​ទៀត។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ដែល​ជា​អ្នក​ទទួល​បន្ទុក​លើ​ការ​រៀបចំ​ដំឡើង​ទូរទស្សន៍​នេះ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១ មករា ថា ក្រុមហ៊ុន​ដែល​ទទួល​វិនិយោគ​ស្ថានីយ​ទូរទស្សន៍​ព្រះអាទិត្យ នឹង​ដំឡើង​អង់តែន និង​ស្ថានីយ​ផ្សាយ​ភ្លាម ក្រោយ​ពី​សាលា​រាជធានី​ភ្នំពេញ​ពិនិត្យ និង​អនុញ្ញាត​លើ​ទីតាំង​ថ្មី។ ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក យ៉ែម បុញ្ញឫទ្ធិ មិន​ទាន់​បាន​បញ្ជាក់​ពី​ទីតាំង​ថ្មី​នេះ​នៅ​ឡើយ៖ «»

ការ​គ្រោង​ដាក់​លិខិត​ស្នើសុំ​ដំឡើង​អង់តែន​ទូរទស្សន៍​ព្រះអាទិត្យ​ជា​ថ្មី​ម្ដង​ទៀត​នេះ នៅ​ក្រោយ​ពេល​អាជ្ញាធរ​ខែត្រ​កណ្ដាល មិន​អនុញ្ញាត​ឲ្យ​ក្រុម​បច្ចេកទេស​លើក​អង់តែន​ទូរទស្សន៍​ព្រះអាទិត្យ​នៅ​ក្នុង​ភូមិ​ស្ទឹងជ្រៅ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ កាល​ពី​ខែ​មេសា ឆ្នាំ​២០១៦ ក្រោម​ហេតុផល​ថា មាន​ការ​តវ៉ា​ជំទាស់​ពី​ប្រជាពលរដ្ឋ​ចំនួន ២១​នាក់។ ក៏ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ថា អាជ្ញាធរ​ខែត្រ​កណ្ដាល អនុញ្ញាត​ឲ្យ​លើក​អង់តែន​នេះ​ជា​ហេតុផល​នយោបាយ​ច្រើន​ជាង។

ចំពោះ​ទីតាំង​ថ្មី​វិញ ថ្វីត្បិតតែ​លោក យ៉ែម បុញ្ញឫទ្ធិ មិន​បាន​បញ្ជាក់​ថា​ទីតាំង​នៅ​កន្លែង​ណា​ច្បាស់លាស់​ក្ដី តែ​លោក​អះអាង​ថា ទីតាំង​ថ្មី​នេះ គឺ​ជា​ដី​វាល​ស្រែ​ដែល​មាន​ចម្ងាយ​ប្រមាណ​ជា ៨​គីឡូ​ម៉ែត្រ​ពី​រមណីយដ្ឋាន​វត្ត​ភ្នំ។ លោក​បន្ថែម​ថា ដី​នេះ​ជា​ដី​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដល់​ជូន ឥឡូវ​នេះ​គណបក្ស​បាន​ធ្វើ​ប្លង់​រឹង​រួច​រាល់​ហើយ។

អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា ការ​ដំឡើង​អង់តែន និង​ស្ថានីយ​ទូរទស្សន៍​ព្រះអាទិត្យ​នេះ មិន​មែន​ជា​រឿង​ពិបាក​នោះ​ទេ បើ​សិន​ជា​រដ្ឋាភិបាល​ពិត​ជា​មាន​ឆន្ទៈ​ឲ្យ​បក្ស​ប្រឆាំង​មាន​ទូរទស្សន៍​ព្រះអាទិត្យ​នេះ​មែន។ លោក​ពន្យល់​ថា អង់តែន​ក្រុមហ៊ុន​ទូរស័ព្ទ​ជាច្រើន និង​អង់តែន​ទូរទស្សន៍​មួយ​ចំនួន​ទៀត មិន​ដែល​ឮ​ថា​មាន​បញ្ហា​នៅ​ពេល​ពួក​គេ​សុំ​ការ​អនុញ្ញាត​លើក​អង់តែន​នោះ៖ «»

គណបក្ស​ប្រឆាំង​បាន​រៀបចំ​គម្រោង​ទូរទស្សន៍​ព្រះអាទិត្យ​នេះ ក្រោយ​ពី​គណបក្ស​ទាំង​ពីរ​បាន​ព្រមព្រៀង​លើ​ការ​បញ្ចប់​ជម្លោះ​នយោបាយ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤។

គម្រោង​ចំណាយ​លើ​ការ​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យ​នេះ ត្រូវ​ប្រើប្រាស់​ថវិកា​ប្រមាណ ៣​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ មក​ទល់​ពេល​នេះ ថវិកា​ដែល​ទទួល​បាន​ពី​ការ​បរិច្ចាគ​របស់​សាធារណជន​មាន​ចំនួន​ជាង ៧០​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គេហទំព័រដើម វិទ្យុអាស៊ីសេរី​

(ចុះ​ផ្សាយ​នៅ​ថ្ងៃ Wednesday 11,Jan 2017 19:06 PM) | អ្នកទស្សនា 13

ព័ត៌មានដែលពេញនិយម


Copyright © 2016 Postshareall.COM.