មន្ត្រី​ក្រុមប្រឹក្សា​ឃុំ​ពូជ្រៃ ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី អំពាវនាវ​សុំ​ឲ្យ​ចៅក្រម​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី ស៊ើប​អង្កេត​ផ្តល់​យុត្តិធម៌​ដល់​ពលរដ្ឋ​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន ក្នុង​បទ​ចោទ​ថា​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុស​ច្បាប់។ ចំណែក​មន្ត្រី​ជំនាញ​អះអាង​ថា មាន​សាក្សី វត្ថុ​តាង​ពិត​ប្រាកដ ថា​ប្រជាពលរដ្ឋ​ពិត​ជា​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុស​ច្បាប់​នៅ​តំបន់​ហាមឃាត់។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ​ក្រោយ​ពេល​ចៅក្រម​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី សម្រេច​ឃុំ​ខ្លួន​ស្ត្រី​ពីរ​នាក់​ពី​បទ​ធ្វើ​អាជីវកម្ម​រ៉ែ​គ្មាន​ការ​អនុញ្ញាត។

ស្ត្រី​ឈ្មោះ ស៊ូ មាណាន ជា​ម្ចាស់​គ្រឿងចក្រ​កាយ​ដី​របស់​ក្រុមហ៊ុន​អេស.ភី.អិន.ឌី (SPND) និង​ស្ត្រី​ឈ្មោះ សំ យ៉េត ប្រជាពលរដ្ឋ​ភូមិ​អន្ទ្រងសាមគ្គីមានជ័យ ឃុំ​ពូជ្រៃ ស្រុក​ពេជ្រាដា ត្រូវ​ចៅក្រម​សម្រេច​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​កាល​ពី​ថ្ងៃ​ទី​១០ ខែ​មករា។

ជំទប់​ទី​១ ឃុំ​ពូជ្រៃ លោក អីត កៃ បញ្ជាក់​នៅ​ថ្ងៃ​ទី​១១ ខែ​មករា ថា ស្ត្រី​ទាំង​ពីរ​នាក់​នេះ​មិន​មាន​ចេតនា​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​អ្វី​ទេ ពីព្រោះ​ស្ត្រី​ម្នាក់​ជា​ម្ចាស់​គ្រឿងចក្រ និង​ម្នាក់​ទៀត​ជា​ប្រជាពលរដ្ឋ​ដែល​ជួល​គ្រឿងចក្រ​មក​កាយ​ស្រះ សម្រាប់​យក​ទឹក​ប្រើប្រាស់ ក៏ប៉ុន្តែ​ដោយសារ​តែ​តំបន់​នោះ​មាន​រ៉ែ​មាស ពេល​គ្រឿងចក្រ​កាយ​ដល់​ជម្រៅ ៤​ម៉ែត្រ​ដល់​ស្រទាប់​រ៉ែ ទើប​អ្នក​ភូមិ​នាំ​គ្នា​យក​រ៉ែ​នោះ​រែង​រក​មាស​តាម​ទម្លាប់​នៅ​តំបន់​នោះ​តែ​ប៉ុណ្ណោះ។ លោក​បន្ត​ថា ក្រុម​សមត្ថកិច្ច​មិន​បាន​ជូន​ដំណឹង​ឲ្យ​អាជ្ញាធរ​អប់រំ ឬ​ណែនាំ​ប្រជាពលរដ្ឋ​យល់​ដឹង​បញ្ហា​នេះ​ទេ ប៉ុន្តែ​បាន​ដាក់​កង​កម្លាំង​រាប់​រយ​នាក់​ចុះ​បង្ក្រាប និង​ចាប់​ខ្លួន​ស្ត្រី​ទាំង​ពីរ​នាក់ មុន​ពេល​អាជ្ញាធរ​មូលដ្ឋាន​ទៅ​ដល់​កន្លែង​កើត​ហេតុ៖ «ប្រជាពលរដ្ឋ​គាត់​មក​ច្រើន តំណាង ហើយ​មេ​ភូមិ​គាត់​សំណូមពរ​គាត់​ថា ហេតុ​អ្វី​បាន​ជា​អាជ្ញាធរ និង​ខាង​មន្ទីរ​មិន​បាន​ផ្សព្វផ្សាយ​ដល់​ពួក​គាត់»

ប្រជាពលរដ្ឋ​ភូមិ​អន្ទ្រងសាមគ្គីមានជ័យ ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​៧ ខែ​មករា សមត្ថកិច្ច​ចម្រុះ​ប្រមាណ ១០០​នាក់​ប្រដាប់​ដោយ​អាវុធ បាន​បើក​រថយន្ត​ច្រើន​គ្រឿង​ចូល​មក​ដល់​វត្ត​ក្នុង​ភូមិ ហើយ​ចាប់​ខ្លួន​ស្ត្រី​ពីរ​នាក់​ក្រោយ​មួយ​ថ្ងៃ ដែល​ក្រុម​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ​ចម្រុះ​ខេត្ត​ក្រចេះ និង​អាវុធហត្ថ​ផ្ទៃ​ប្រទេស បាន​រឹប​អូស​គ្រឿងចក្រ​កាយ​ដី​ពីរ​គ្រឿង ដែល​កំពុង​កាយ​ស្រះ​របស់​ប្រជាពលរដ្ឋ។

ម្ចាស់​គ្រឿងចក្រ​ជា​ប្ដី​របស់​ស្ត្រី​ជាប់​ចោទ គឺ​លោក សុន សុផាន់ បញ្ជាក់​ថា ប្រជាពលរដ្ឋ ៣០​គ្រួសារ បាន​ជួល​គ្រឿងចក្រ​លោក​មក​ជីក​ស្រះ ក៏ប៉ុន្តែ​សមត្ថកិច្ច​បាន​ចាប់​ភរិយា​លោក ដោយ​ចោទ​ប្រកាន់​ធ្វើ​អាជីវកម្ម​រ៉ែ​ខុស​ច្បាប់។ លោក​អំពាវនាវ​ឲ្យ​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ៖ «សំណូម​រាជ​រដ្ឋាភិបាល ជួយ​ដោះលែង​មនុស្ស​ដែល​គាត់​ជា​ប្រជាពលរដ្ឋ​មិន​ដឹង​អ្វី​នៅ​ចុងកាត់មាត់ញក ឲ្យ​គាត់​រួច​ទោស​មក​វិញ»

ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្ត​មណ្ឌលគិរី លោក សាន ដារិទ្ធ ឲ្យ​ដឹង​ថា គ្រឿងចក្រ​កាយ​ដី​នេះ​ធ្វើ​សកម្មភាព​កាយ​រណ្ដៅ​ធំៗ​យក​រ៉ែ​ប្រមាណ ៣​ខែ​កន្លង​ទៅ​នេះ រួម​នឹង​ការ​ប្រើប្រាស់​រំសេវ​បំផ្ទុះ​ទៀត​ផង។ លោក​ថា មិន​មាន​ចេតនា​ចាប់​ប្រជាពលរដ្ឋ​នោះ​ទេ ក៏ប៉ុន្តែ​ក្រុម​សមត្ថកិច្ច​អនុវត្ត​វិធានការ​នេះ ដើម្បី​ស្វែងរក​មេខ្លោង​ឲ្យ​ទទួល​ខុស​ត្រូវ ដើម្បី​ពិន័យ​តាម​ច្បាប់​រ៉ែ​កំណត់៖ «កន្លែង​ហ្នឹង​ជា​តំបន់​ស្រាវជ្រាវ​រ៉ែ​របស់​ក្រុមហ៊ុន​សាននីល។ កាយ​ស្រះ​ឯណា​កាយ​ក្រហេងក្រហូង ហើយ​ម៉ាស៊ីន​កិន​រ៉ែ​ជិត ៣០​ម៉ាស៊ីន»

ទាក់ទង​បញ្ហា​នេះ មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា កត់​សម្គាល់​ថា តំបន់​ដែល​កើត​មាន​ទំនាស់ គឺ​ជា​តំបន់​មាន​រ៉ែ ហើយ​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​មួយ​ផ្នែក​ជា​ចំណាក​ស្រុក​មក​ជីក​រ៉ែ​មាស​ជា​មុខ​របរ។ លោក​ថា ចៅក្រម​សាលា​ដំបូង​កំពុង​ស៊ើប​អង្កេត​ករណី​នេះ។ ហេតុ​នេះ ភាគី​ពាក់ព័ន្ធ​ត្រូវ​ហ៊ាន​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់៖ «គាត់​ត្រូវ​បង្ហាញ​សក្ខីកម្ម​ដ៏​ត្រឹមត្រូវ​ដល់​តុលាការ​ទៅ។ អាដហុក កំពុង​តាមដាន​ដែរ យើង​មិន​ទាន់​និយាយ​ថា​អ្នក​ណា​ខុស អ្នក​ណា​ត្រូវ​ដែរ

កាល​ពី​រាត្រី​ថ្ងៃ​ទី​៧ ខែ​មករា ប្រជាពលរដ្ឋ​ភូមិ​អន្ទ្រងសាមគ្គីមានជ័យ រាប់​រយ​នាក់ បាន​លើក​គ្នា​តវ៉ា ខណៈ​ក្រុម​សមត្ថកិច្ច​ចាប់​យក​គ្រឿងចក្រ និង​ចាប់​ខ្លួន​ស្ត្រី​ពីរ​នាក់។ សមត្ថកិច្ច​អះអាង​ថា ប្រជាពលរដ្ឋ​ប្រើប្រាស់​ដប​សាំង​គប់​លើ​សមត្ថកិច្ច ក៏ប៉ុន្តែ​មិន​មាន​គ្រោះថ្នាក់​នរណា​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គេហទំព័រដើម វិទ្យុអាស៊ីសេរី​

(ចុះ​ផ្សាយ​នៅ​ថ្ងៃ Wednesday 11,Jan 2017 18:50 PM) | អ្នកទស្សនា 11

ព័ត៌មានដែលពេញនិយម


Copyright © 2016 Postshareall.COM.