គណៈកម្មការ​សហគមន៍​ព្រៃ​ឈើ​សាមគ្គី​ភ្នំ​ជាំម្លូ ស្ថិត​ក្នុង​ឃុំ​តាកែន ស្រុក​ឈូក ខេត្ត​កំពត សម្ដែង​ការ​សោកស្ដាយ​ចំពោះ​សាលា​ដំបូង​ខេត្ត​កំពត ដែល​បាន​សម្រេច​តម្កល់​សំណុំ​រឿង​ដែល​ពួក​គាត់​ប្ដឹង​បុគ្គល​មួយ​ចំនួន​ដែល​បាន​កាប់​រាន និង​ឈូស​ឆាយ​ដី​ព្រៃ​សហគមន៍​យក​មក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន។

ប្រធាន​សហគមន៍​ព្រៃ​ឈើ​សាមគ្គី​ភ្នំ​ជាំម្លូ លោក ម៉ម ផាត ថ្លែង​ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១១ ខែ​មករា ថា លោក និង​គណៈកម្មការ​សហគមន៍ ខក​ចិត្ត​ដែល​តុលាការ​ខេត្ត​កំពត មិន​ចាត់ការ​លើ​ពាក្យ​បណ្ដឹង​របស់​សហគមន៍។ លោក​ថា​ដី​ព្រៃ​សហគមន៍​ជាច្រើន​ហិកតារ ត្រូវ​បាន​បុគ្គល​មាន​លុយ និង​មាន​អំណាច​ឈូស​រាន​យក​ធ្វើ​ជា​កម្មសិទ្ធិ​ជា​បន្តបន្ទាប់ ដោយ​មិន​មាន​ចំណាត់ការ​ណា​មួយ​ពី​អាជ្ញាធរ។ ហើយ​នៅ​ពេល​គណៈកម្មការ​សហគមន៍​ដាក់​ពាក្យ​បណ្ដឹង តុលាការ​បែរ​ជា​សម្រេច​មិន​ចាត់ការ​ទៅ​វិញ។

លោក​បញ្ជាក់​ថា ខាង​គណៈកម្មការ​បាក់​ទឹក​ចិត្ត​ចំពោះ​កិច្ច​ការពារ​ធនធាន​ធម្មជាតិ ព្រោះ​ការងារ​នេះ​មិន​ទទួល​បាន​ប្រាក់​កម្រៃ ហើយ​ថែម​ទាំង​មិន​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ពី​អាជ្ញាធរ​ថ្នាក់​លើ​ថែម​ទៀត៖ «វា​អត់​មាន​យុត្តិធម៌​ទេ មិន​ដឹង​រក​យុត្តិធម៌​ឯណា បើ​ប៉ុណ្ណឹង​ហើយ​អត់​មាន​ចំណាត់ការ​រក​យុត្តិធម៌​ឯណា​បាន។ បើ​ប្ដឹង​ទៅ​ហើយ អត់​មាន​ចំណាត់ការ​ផង រក​យុត្តិធម៌​យ៉ាង​ម៉េច​កើត​បើ​អ៊ីចឹង​ហ្នឹង»

លោក ម៉ម ផាត បញ្ជាក់​ថា សកម្មភាព​កាប់​រាន​ដី​ព្រៃ​សហគមន៍​នេះ បាន​កើត​ឡើង​តាំង​ពី​ឆ្នាំ​២០១២ ហើយ​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន លោក​ប៉ាន់ស្មាន​ថា ទំហំ​ដី និង​ធនធាន​ព្រៃ​ក្នុង​សហគមន៍​អាច​បាត់បង់​ប្រហែល ៨០​ភាគរយ។

កាល​ពី​ខែ​មីនា ឆ្នាំ​២០១៦ គណៈកម្មការ​សហគមន៍​បាន​ពឹងពាក់​សមាគម​អាដហុក (ADHOC) ឲ្យ​ជួយ​ផ្នែក​ច្បាប់​ដើម្បី​ដាក់​ពាក្យ​ប្ដឹង​បុគ្គល​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​នឹង​សកម្មភាព​ខុស​ច្បាប់​ទាំងនោះ។

ទោះ​បី​ជា​យ៉ាង​ណា នៅ​ពាក់​កណ្ដាល​ខែ​ធ្នូ ឆ្នាំ​២០១៦ កន្លង​ទៅ តុលាការ​ខេត្ត​កំពត បាន​សម្រេច​តម្កល់​សំណុំ​រឿង​នេះ​ទុក​ឥត​ចាត់ការ និង​បើក​សិទ្ធិ​ឲ្យ​សមាជិក​សហគមន៍ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ប្ដឹង​សារទុក្ខ​ទៅ​សាលា​ឧទ្ធរណ៍។ តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កំពត លោក ខៃ សម្ផស្ស នៅ​ថ្ងៃ​ទី​១១ មករា មិន​ទាន់​អាច​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​សម្រេច​នេះ​បាន​នៅ​ឡើយ ដោយ​លោក​បញ្ជាក់​ថា​កំពុង​ជាប់​រវល់។

មន្ត្រី​ស៊ើប​អង្កេត​សមាគម​អាដហុក​ប្រចាំ​ខេត្ត​កំពត លោក ហេង ភារៈ ថ្លែង​ថា ពាក្យ​បណ្ដឹង​របស់​សហគមន៍​មាន​ភស្តុតាង​រឹងមាំ ដូចជា​បង្គោល​សហគមន៍​ដែល​ត្រូវ​គេ​ឈូស​រំលំ និង​ព្រៃ​សហគមន៍​ដែល​ត្រូវ​គេ​បំផ្លាញ ជាដើម ដែល​គួរ​ត្រូវ​បាន​តុលាការ​យក​ជា​មូលដ្ឋាន​ក្នុង​ការ​ចោទ​ប្រកាន់​ជន​ប្រព្រឹត្តិ ប៉ុន្តែ​តុលាការ​បាន​សម្រេច​មិន​ចាត់ការ​រឿង​នេះ​ទៅ​វិញ។ លោក​ចាត់​ទុក​ថា នេះ​ជា​រឿង​អយុត្តិធម៌​សម្រាប់​សហគមន៍៖ «ទៅ​ថ្ងៃ​ខាង​មុខ បើ​មិន​មាន​ចំណាត់ការ​ផ្លូវ​ច្បាប់​ពី​តុលាការ​ទៅ​លើ​អ្នក​ដែល​មាន​លុយ មាន​អំណាច​ទេ ខ្ញុំ​គិត​ថា​ព្រៃ​សហគមន៍​នេះ នឹង​អស់​ជា​មិន​ខានអ៊ីចឹង​បើ​សិន​ជា​តុលាការ​មាន​ការ​ចាត់ការ​ទៅ​លើ​មន្ត្រី ឬ​ក៏អ្នក​មាន​លុយ មាន​អំណាច​ហ្នឹង ធ្វើ​ឲ្យប្រជាពលរដ្ឋ​ឃើញ​ថា ពិត​ជាមាន​ការ​អនុវត្ត​ច្បាប់។ អ៊ីចឹង​គាត់​ក៏​មិន​ហ៊ាន​ដែរ»

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ អំពាវនាវ​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ អនុវត្ត​សារាចរ​ណែនាំ​លេខ​០៥ របស់​រាជ​រដ្ឋាភិបាល ដែល​លើក​ទឹក​ចិត្ត​ឲ្យ​សហគមន៍​មូលដ្ឋាន អង្គការ​សង្គម​ស៊ីវិល និង​អ្នក​ពាក់ព័ន្ធ​នានា​ចូលរួម​ទប់ស្កាត់ និង​លុប​បំបាត់​បទល្មើស​ធនធាន​ធម្មជាតិ​គ្រប់​ប្រភេទ​នៅ​ក្នុង​តំបន់​ការពារ និង​តំបន់​អភិរក្ស​ធម្មជាតិ​ឲ្យ​មាន​ប្រសិទ្ធភាព។

សហគមន៍​ព្រៃ​ឈើ​សាមគ្គី​ភ្នំ​ជាំម្លូ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៦ ដោយ​មាន​ការ​ទទួល​ស្គាល់​ពី​អាជ្ញាធរ​ស្រុក​ឈូក។ សហគមន៍​នេះ​មាន​ផ្ទៃដី ១.៦៦២​ហិកតារ ស្ថិត​ក្នុង​ឃុំ​តាកែន ស្រុក​ឈូក ខេត្ត​កំពត។ ធនធាន​របស់​សហគមន៍​ព្រៃ​ឈើ​សាមគ្គី​ភ្នំ​ជាំម្លូ រួម​មាន សត្វ​ព្រៃ និង​ព្រៃ​ធម្មជាតិ ដូចជា​ព្រៃ​ឈើ និង​ព្រៃ​ឫស្សី ជាដើម។ សហគមន៍​ព្រៃ​ឈើ​មួយ​នេះ​ជា​ទី​អាស្រ័យ​ផល​របស់​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​នាក់ ដែល​រស់នៅ​ក្នុង​ភូមិ​ស្រកានាគ ភូមិ​ត្រពាំងរុន ភូមិ​ត្រពាំងក្តី និង​ភូមិ​ជ័យសេនា នៃ​ឃុំ​តាកែន ស្រុក​ឈូក ខេត្ត​កំពត។

គណៈកម្មការ​សហគមន៍​បញ្ជាក់​ថា ពួក​គេ​កំពុង​សិក្សា និង​ពិនិត្យ​ផ្នែក​ច្បាប់​បន្ថែម​ទៀត ដើម្បី​ប្ដឹង​សារទុក្ខ​ទៅ​សាលា​ឧទ្ធរណ៍​បន្ត​ទៀត​នៅ​ពេល​ឆាប់ៗ​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គេហទំព័រដើម វិទ្យុអាស៊ីសេរី​

(ចុះ​ផ្សាយ​នៅ​ថ្ងៃ Wednesday 11,Jan 2017 19:44 PM) | អ្នកទស្សនា 8

ព័ត៌មានដែលពេញនិយម


Copyright © 2016 Postshareall.COM.