ការដែលតុលាការខេត្តកំពត មិនចាត់វិធានការផ្លូវច្បាប់ទៅលើក្រុមអ្នកបំផ្លាញព្រៃ ឈើក្នុងឃុំតាកែន ស្រុកឈូក ខេត្តកំពត កំពុងធ្វើឲ្យប្រជាសហគមន៍រីគន់យ៉ាងខ្លាំង ព្រោះជា ការលើកទឹកចិត្តឲ្យក្រុមជនល្មើសកាន់តែបានដៃក្នុងការបន្តប្រព្រឹត្តបទល្មើសដោយគ្មាន ញញើតអ្វីទាំងអស់។ បញ្ហានេះហើយដែលធ្វើឲ្យគណៈកម្មការសហគមន៍ព្រៃឈើសាមគ្គីជាំម្លូ ឃុំតាកែន ស្រុកឈូក អំពាវនាវឲ្យលោក ចាន់ ចេស្តា អភិបាលខេត្តកំពត ពិនិត្យឡើងវិញ ចំពោះបទល្មើសបំផ្លាញព្រៃឈើក្នុងឃុំតាកែន នាពេលកន្លងមកព្រោះតុលាការមិនចាត់ការ តាមច្បាប់ទៅលើក្រុមជនល្មើសឡើយ។ ទន្ទឹមនឹងនេះក្រសួងយុត្តិធម៌ដែលមានលោក អង្គ វង្សវឌ្ឈានា ជារដ្ឋមន្ត្រីគួរពិនិត្យមើលពីភាពអសកម្មរបស់ចៅក្រមនិងព្រះរាជអាជ្ញានៃសាលា ដំបូងខេត្តកំពតផងដែរ។

ថ្មីៗនេះគណៈកម្មការសហគមន៍ព្រៃឈើសាមគ្គីជាំម្លូ ស្រុកឈូក ខេត្តកំពត មាន ការខកចិត្តយ៉ាងខ្លាំងដោយសារសាលាដំបូងខេត្តកំពត សម្រេចតម្កល់សំណុំរឿងដែលពួក គាត់ប្តឹងរឿងបុគ្គលមួយចំនួនកាប់រាននិងឈូសឆាយព្រៃសហគមន៍យកធ្វើជាកម្មសិទ្ធិផ្ទាល់ ខ្លួន។ តំណាងសហគមន៍ព្រៃឈើសាមគ្គីជាំម្លូ បានលើកឡើងថា ព្រៃសហគមន៍ជាច្រើន ហិកតាត្រូវបានបុគ្គលមានលុយមានអំណាច ឈូសឆាយទន្ទ្រានយកធ្វជាកម្មសិទ្ធិ ហើយពុំ មានការទប់ស្កាត់ពីមន្ត្រីអាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធដូចជាមន្ត្រីបរិស្ថាន និងមន្ត្រីរដ្ឋបាល ព្រៃឈើនោះទេ។ អី្វដែលធ្វើឲ្យពួកគាត់ហួសចិត្តនិយាយលែងចេញនោះគឺពួកគាត់បានដាក់ ពាក្យបណ្តឹងទៅសាលាដំបូងខេត្តកំពត ឲ្យចាត់វិធានការតាមច្បាប់ប៉ុន្តែតុលាការបែរជា សម្រេចមិនចាត់ការតាមពាក្យបណ្តឹងរបស់ពួកគាត់ឡើយ។

ប្រភពពីប្រជាពលរដ្ឋនិងសហគមន៍ការពារព្រៃឈើក្នុងឃុំតាកែន បានឲ្យដឹងថា សកម្មភាពឈូសឆាយបំផ្លាញព្រៃសហគមន៍សាមគ្គីជាំម្លូ បានកើតឡើងតាំងពីអំឡុងឆ្នាំ ២០១២ហើយមកដល់ពេលនេះធនធានធម្មជាតិនិងផ្ទៃដីព្រៃដែលត្រូវបាត់បង់មានប្រមាណ ៨០ភាគរយទៅហើយ។ ប៉ុន្តែកាលពីអំឡុងពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៦ តុលាការខេត្តកំពត បានសម្រេចតម្កល់សំណុំរឿងមិនចាត់ការទៅវិញដែលនាំឲ្យមានការរិះគន់ថា មន្ត្រីតុលាការ ខេត្តកំពត កំពុងការពារក្រុមជនល្មើសបំផ្លាញព្រៃសហគមន៍។ ដោយហេតុថា ពាក្យបណ្តឹង របស់គណៈកម្មការសហគមន៍ព្រៃឈើសាមគ្គីជាំម្លូ មានភស្តុតាងច្បាស់លាស់ដូចជាបង្គោល របស់សហគមន៍ត្រូវគេឈូសរំលំ និងព្រៃសហគមន៍ត្រូវគេបំផ្លាញជាដើម ប៉ុន្តែតុលាការមិន ចាត់ការតាមពាក្យបណ្តឹងនេះឡើយ។ ដូច្នេះលោក ចាន់ ចេស្តា អភិបាលខេត្តកំពត និងលោក អង្គ វង្សវឌ្ឈានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មិនគួរមើលរំលងបញ្ហាខាងលើនេះទេព្រោះទង្វើរបស់ មន្ត្រីតុលាការខេត្តកំពត កំពុងធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងពីមហាជន៕

IMG_1553

លោក ចាន់ ចេស្តា អភិបាលខេត្តកំពត

IMG_1554

គេហទំព័រដើម Moneaksekar

(ចុះ​ផ្សាយ​នៅ​ថ្ងៃ Thursday 12,Jan 2017 09:56 AM) | អ្នកទស្សនា 14

ព័ត៌មានដែលពេញនិយម


Copyright © 2016 Postshareall.COM.