​រាជធានី​ភ្នំពេញ : វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​ដែលមាន​ទីតាំង​ខាងជើង​វិមាន​រដ្ឋសភាជាតិ នឹងត្រូវ​អភិវឌ្ឍន៍​ទៅជា​ទីស្តីការក្រសួង​ធម្មការ និង​សាសនា ក្នុង​គោលបំណង​ជម្រះ​មន្ទិល​សង្ស័យថា ទីតាំង​មួយ​នេះ ត្រូវ​លក់​ទៅ​ឲ្យ​ម្ចាស់​សណ្ឋាគារ និង​កាស៊ីណូ​ណា​ហ្កា​ល​វើ​ល ដែល​នៅជាប់​របង​នឹង​គ្នា​។​

 

​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ដែល​ធ្លា​ប់រង​ការរិះគន់​ពី​មហាជន​ពី​ការលក់​ឲ្យ​ម្ចាស់​សណ្ឋាគារ និង​កាស៊ីណូ​ណា​ហ្កា​ល​វើ​ល ដោយ​កម្ទេច​របង និង​យក​ទីធ្លា​ដាក់​កន្លែង​ចត​យានយន្ត​នោះ ត្រូវបាន​ក្រសួង​ជំនាញ​របស់​រាជរដ្ឋាភិបាល​បញ្ជាក់ថា នៅតែ​រក្សា​ដដែល​។ មិនមាន​គម្រោង​ណាមួយ ផ្លាស់ប្តូរ​ទីតាំង​អគារ​នោះឡើយ ផ្ទុយទៅវិញ​នឹង​សាងសង់​អគារ​ថ្មី​នៃ​ទីស្តីការក្រសួង​ធម្មការ និង​សាសនា ដែលមាន​កម្ពស់​៦​ទៅ​៧​ជាន់​។​

 

​លោក ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា បាន​ឲ្យ​ដឹងថា ទីស្តីការក្រសួង​ធម្មការ និង​សាសនា នឹង​ចាប់​សាងសង់​នៅលើ​ដី​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ដោយ​ប្រើប្រាស់​ថវិការដ្ឋ​។ ការ​ឲ្យ​ដឹង​នេះ​ធ្វើឡើង​ក្នុងឱកាស​ចូល​បំភ្លឺ​គណៈកម្មការ​ជំនាញ​រដ្ឋ​សភា កាលពី​រសៀល​ថ្ងៃទី​១០ ខែមករា ដែល​ដឹកនាំ​ដោយ​លោក យ៉ែម បុញ្ញឫទ្ធិ ប្រធាន​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍​(​គណៈកម្មការ​ទី​៧)​នៃ​រដ្ឋសភា​។​

 

​គណៈកម្មការ​ជំនាញរ​ដ្ឋ​សភា បាន​អញ្ជើញ​រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា ចូល​បំភ្លឺ ជុំវិញ​បញ្ហា ៖ វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ពុទ្ធិក​សាកលវិទ្យាល័យ សហលក្ខន្តិកៈ​មន្ត្រី​សង្ឃ និង​បញ្ហា​ដែលជា​មន្ទិលសង្ស័យ ព្រមទាំង​សំណូមពរ​ផ្សេងៗ​ទៀត​។​

 

​លោក ហ៊ឹម ឆែម បញ្ជាក់ថា ទីតាំង​ដែល​ត្រូវ​សាងសង់​ទីស្តីការក្រសួង​ធម្មការ និង​សាសនា ត្រូវបានធ្វើ​ពិធី​ចុះ​បឋម​សីលា​រួចរាល់​ហើយ​កាលពី​ចុងឆ្នាំ​២០១៦​។ លោក​បន្តថា ការសាងសង់ នឹង​ចាប់​អនុវត្ត​នៅពេល​ខាងមុខនេះ ដោយ​ចែកជា​៣​ដំណាក់កាល​។​

 

​អតីតរដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា លោក មិន ឃិន ព្រមទាំង​សហការី កាលពី​ចុងឆ្នាំ​២០១៤ ធ្លាប់បាន​សន្យា​ជាមួយ​គណៈកម្មការ​ជំនាញ​រដ្ឋសភា នឹង​អភិវឌ្ឍន៍​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​ឲ្យ​មាន​ប្រសើរ​ឡើងវិញ បន្ទាប់ពី​កន្លែង​ត្រូវបាន​ទុកចោល ដោយ​មិនមាន​សកម្មភាព​។​

 

​លោក យ៉ែម បុញ្ញឫទ្ធិ កត់សម្គាល់ថា ទីតាំង​តម្កល់​ឯកសារ​សាសនាព្រះពុទ្ធ និង​អក្សរសាស្ត្រ​មួយ​នេះ កំពុង​វិ​វ​ឌ្ឍ​ទៅរក​ភាពប្រសើរ​ឡើងជា​បណ្តើរៗ ដោយ​មិនមាន​ការបាត់បង់​ដី​។ «​យើង​សង្កេតឃើញថា កំពុង​អនុវត្ត​មាន​ពេញលេញ​មែន​។ យើង​មិនមាន​ការមន្ទិលសង្ស័យ​អី​ទៀត​ទេ ក៏ប៉ុន្តែ​នៅសល់​បញ្ហា​សោ​ភណ្ឌ​ភាព​នៅ​ក្រៅរបង​បន្តិច ព្រោះ​ឃើញ​មាន​ធុង​ខៀវ​ពីរ​នោះ គឺ​វា​ហាក់ដូចជា​មិន​ស៊ីគ្នា​នឹង​ពុទ្ធសាសនបណ្ឌិត្យ​ប៉ុន្មាន​ទេ ក៏ប៉ុន្តែ​ខាង​ក្រសួង​លោក​បាន​បំភ្លឺថា លោក​នឹង​ទាក់ទង​ទៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ឲ្យ​គេ​កែ​អ​ម្អ​របៀប​ម៉េច​ឲ្យ​ឃើញ​សោ​ភណ្ឌ​ភាព​ហ្នឹង​វា​ស៊ីគ្នា​រចនាបថ​ពុទ្ធសាសនបណ្ឌិត្យ​»​។​

 

​បើតាម​ចម្លើយ​របស់លោក ហ៊ឹម ឆែម ទៅកាន់​គណៈកម្មការ​រ​ដ្ឋ​សភា គឺ​ទីស្តីការ​ថ្មី​របស់​ក្រសួង​នេះ នឹងត្រូវ​សាងសង់​រួចរាល់​នៅក្នុង​ឆ្នាំ​២០១៨ ចំណែក​ទីស្តីការ​ចាស់​នឹង​ប្រគល់​ទៅ​ឲ្យ​ពុទ្ធិក​សាកលវិទ្យាល័យ ព្រះសីហនុ​រាជ ដើម្បី​បង្កើត​ទៅជា​បន្ទប់​ថ្នាក់រៀន ឬ​ការិយាល័យ​ផ្សេងៗ​ទៀត ដែល​បម្រើ​ប្រយោជន៍​ដល់​វិស័យ​ពុទ្ធិកសិក្សា​។​

 

​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ត្រូវបាន​កសាងឡើង​សម្រាប់​រក្សា​ឯកសារ​អក្សរសាស្ត្រ គម្ពី​សាសនាព្រះពុទ្ធ វប្បធម៌ បោះពុម្ព​ផ្សព្វផ្សាយ ទុក​ឲ្យ​សាធារណជន សិស្ស និស្សិត ព្រះសង្ឃ អ្នកស្រាវជ្រាវ ស្វែងយល់​បន្ថែម​ពី​ប្រធានបទ​ផ្សេងៗ​៕

12-1-2017

គេហទំព័រដើម Kntnews

(ចុះ​ផ្សាយ​នៅ​ថ្ងៃ Thursday 12,Jan 2017 09:51 AM) | អ្នកទស្សនា 6

វីដេអូថ្មីៗសំរាប់ថ្ងៃនេះ


ព័ត៌មានដែលពេញនិយម


Copyright © 2016 Postshareall.COM.