មន្ត្រីរាជការនិងប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរី ក៏ដូចជាក្រុមមន្ត្រីអង្គការក្រៅរដ្ឋាភិបាលក្នុងខេត្តនេះបានឲ្យដឹងថាំ រហូតមកដល់ពេលនេះឧកញ៉ា តុប វីរ៉ាដា នៅតែបន្តសកម្ម ភាពប្រមូលទិញឈើក្នុងស្រុកកោះញែក ហើយដឹកជញ្ជូនចេញទៅស្រុកយួនតាមច្រកព្រំដែនទ្វេភាគីឡាប៉ាខេ យ៉ាងងពេញបន្ទុក។ ប្រភពបានឲ្យដឹងទៀតថា ការដែលឧកញ៉ា តុប វីរ៉ាដា អាចធ្វើអ្វីៗតាមអំពើចិត្តគឺមានការឃុបឃិតពីមន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័ន សូម្បីតែមន្ត្រីអាជ្ញាធរខេត្តមណ្ឌលគិរី ក៏អាចចាប់ពាក់ព័ន្ធផលប្រយោជន៍ដែរ។ ហេតុនេះហើយទើបឧកញ៉ា តុប វីរ៉ាដា អាចដឹកជញ្ជូនឈើតាមរថយន្តធំៗបំផ្លាញផ្លូវលំនិងផ្លូវជាតិក្នុងខេត្តមណ្ឌលគិរី ពជាបន្តបន្ទាប់ ដោយពុំមានមន្ត្រីអាជ្ញាធរឬមន្ទីរពាក់ព័ន្ធចាត់វិធានការ ទប់ស្កាត់ទាល់តែសោះ។

មន្ត្រីយោធាតូចតាចក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថា ឧត្តមសេនីយ៍ត្រី តុប វីរ៉ាដា មេបញ្ជាការរងយោធភូមិភាគ១ បានក្លាយជាឧកញ៉ាល្បីល្បាញខាងរកស៊ីដឹកជញ្ជូនឈើខុសច្បាប់យ៉ាងពេញបន្ទុកក្នុងខេត្តមណ្ឌលគិរី ហើយឈ្មួញម្នាក់នេះមានខ្នងបង្អែកយ៉ាងរឹងមាំផងដែរ។ ប្រភពបានឪ្យដឹងទៀតថា បច្ចុប្បន្នឧកញ៉ាតុប វីរ៉ាដា កំពុងដឹកឈើចេញពីស្រុកកោះញែក តាមរថយន្តធំៗចេញទៅស្រុកយួនតាមច្រកព្រំដែនទ្វេភាគីឡាប៉ាខេ ដោយពុំមានមន្ត្រី ជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការបង្ក្រាបឡើយ។ មន្ត្រីបរិស្ថាននិងមន្ត្រីរដ្ឋបាលព្រៃឈើក្នុងខេត្តមណ្ឌលគិរី ត្រូវគេរិះគន់ថាជាអ្នកបើកដៃឲ្យឧកញ៉ាជាមន្ត្រីយោធាពាក់ផ្កាយ១ឈ្មោះ តុប វីរ៉ាដា ដឹកជញ្ជូនឈើទៅស្រុកយួន ដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។

ឈ្មួញតូចតាចមួយចំនួនក៏បានឲ្យដឹងដែរថា ឧកញ៉ា តុប វីរ៉ាដា បានប្រើប្រាស់រថយន្តយីឌុបធុនធំ ជាច្រើនគ្រឿងសម្រាប់ដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកព្រំដែនទ្វេភាគីឡាប៉ាខេ ដោយមានការសម្របសម្រួលពីមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័ន។ ក្នុងនោះមន្ត្រីសមត្ថកិច្ចនៅច្រកឡាប៉ាខេ ក៏បានជួយសម្របសម្រួលឲ្យឧកញ៉ា តុប វីរ៉ាដា ដឹកជញ្ជូនឈើទៅស្រុកយួនដែរ ព្រោះខ្លាចអំណាចឈ្មួញរូបនេះដែលជាមន្ត្រីយោធាពាក់ផ្កាយ១ និងជាមេបញ្ជាការរងយោធភូមិភាគ១ ដូច្នេះពួកគេត្រូវតែជួយសម្របសម្រួល ដើម្បីផលប្រយោជន៍។ ហេតុនេះហើយទើបព្រៃឈើក្នុងស្រុកកោះញែក កំពុងតែប្រឈមនឹងសេចក្តីវិនាស ហើយផ្លូវលំផ្លូវជាតិក្នុងស្រុកកោះញែកក៏កំពុងរងការខូចខាតជាបន្តបន្ទាប់ដែរ ព្រោះរថយន្តយីឌុបដឹកឈើរបស់ឧកញ៉ា តុប វីរ៉ាដា បើកបរឆ្លងកាត់ទាំងយប់ទាំងថ្ងៃ៕

IMG_1555 IMG_1556 IMG_1356

គេហទំព័រដើម Moneaksekar

(ចុះ​ផ្សាយ​នៅ​ថ្ងៃ Thursday 12,Jan 2017 10:42 AM) | អ្នកទស្សនា 2

ព័ត៌មានដែលពេញនិយម


Copyright © 2016 Postshareall.COM.