ក្រុម​គ្រួសារ​ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា លោក ឌិន ពុទ្ធី អំពាវនាវ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​ក្រុង​ប៉ោយប៉ែត និង​តុលាការ​លើកលែង​ការ​ចោទ​ប្រកាន់ និង​ដោះលែង​លោក​ឲ្យ​មាន​សេរីភាព​វិញ។

ភរិយា​របស់​លោក ឌិន ពុទ្ធី គឺ​លោកស្រី ហ៊ុំ ច្រៀន បាន​ថ្លែង​ប្រាប់​អាស៊ីសរី កាល​ពី​ថ្ងៃ​ពុធ ទី​១១ មករា ថា ប្ដី​លោកស្រី​មិន​បាន​បើក​ឡាន​បុក លោក ឈាន ពិសិដ្ឋ នាយ​រង​ប៉ុស្តិ៍​ប៉ូលិស​អន្តោប្រវេសន្ត​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ដូច​កា​ចោទ​ប្រកាន់​នោះ​ទេ ហើយ​ម្យ៉ាង​ទៀត​ប្ដី​លោកស្រី​សព្វថ្ងៃ​កំពុង​មាន​ជំងឺ​ក្នុង​ពន្ធនាគារ​នោះ​ទៀត​ផង។

ការ​អំពាវ​នាង​នេះ ស្រប​ពេល​ដែល​សាលាឧទ្ធរណ៍​គ្រោង​នឹង​បើក​សវនាការ​លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា លោក  ឌិន ពុទ្ធី នៅ​ថ្ងៃ​ទី​១៣ មករា ខាង​មុខ។ លោកស្រី ហ៊ុំ ច្រៀន សង្ឃឹម​ថា តុលាការ​អាច​នឹង​ដោះលែង​ប្ដី​លោកស្រី​ឲ្យ​មាន​សេរីភាព​ឡើង​វិញ ដោយ​យោង​លើ​ហេតុការណ៍​ជាក់ស្ដែង និង​សាក្សី​ដែល​បាន​ឃើញ​ហេតុការណ៍​នោះ​ផ្ទាល់​ភ្នែក​ដែល​បាន​ចូល​បំភ្លឺ​តុលាការ​រួច​ហើយ។

លោកស្រី​បន្ត​ថា ក្រុម​គ្រួសារ​លោកស្រី​នឹង​មិន​បន្ត​រក​ហេតុផល ឬ​ខុស​ត្រូវ​យ៉ាង​ណា​ទៀត​នោះ​ទេ បើ​សិន​លោក ឌិន ពុទ្ធី ត្រូវ​បាន​ដោះលែង​មក​វិញ​នោះ៖ «សុំ​ឲ្យ​តែ​គាត់​រួច…! ព្រោះ​អី​ប្ដី​ខ្ញុំ​នៅ​ក្នុង​ពន្ធនាគារ​នោះ​គាត់​ឈឺ​ផង ហើយ​ខ្ញុំ​ទៅ​មើល​ហ្នឹង​គ្មាន​អី​ទេ មាន​តែ​ទឹក​ភ្នែក អាណិត​ប្ដី​តែ​ប៉ុណ្ណឹង។ អ៊ីចឹង​ខ្ញុំ​គ្មាន​គំនិត​អ៊ី​ចង់​ប្ដឹងផ្ដល់​យក​ឈ្នះ​ចាញ់​អី​ទេ ខ្ញុំ​សុំ​ឲ្យ​តែ​ដោះលែង​ប្ដី​ខ្ញុំ​ទៅ»

ទាក់ទង​ក្នុង​រឿង​នេះ​ដែរ សាក្សី ៣​នាក់​ដែល​ស្ថិត​ក្នុង​ហេតុការណ៍​ផ្ទាល់​រវាង​ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា និង​នាយ​រង​ប៉ូលិស​អន្តោប្រវេសន្ត​ម្នាក់​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត នោះ បាន​ចូល​បំភ្លឺ​តាម​ការ​កោះ​ហៅ​របស់​ចៅក្រម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ ជា​បន្តបន្ទាប់​គ្នា​កាល​ពី​ថ្ងៃ​ទី​១០ ខែ​មករា កន្លង​មក។

សាក្សី​មួយ​រូប​ឲ្យ​ដឹង​ក្រោយ​ចេញ​ពី​ធ្វើ​សក្ខីកម្ម​នៅ​សាលាដំបូង​ខេត្ត ក្នុង​សំណុំរឿង​លោក ឌិន ពុទ្ធី នោះ​ថា ឡាន​របស់​លោក ឌិន ពុទ្ធី មិន​បាន​បើក​បុក​លោក ឈាន ពិសិដ្ឋ នោះ​ទេ ហើយ​សាក្សី​នោះ​ក៏​បាន​អំពាវនាវ​ឲ្យ​ដោះលែង​លោក ឌិន ពុទ្ធី ឲ្យ​មាន​សេរីភាព​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គេហទំព័រដើម វិទ្យុអាស៊ីសេរី​

(ចុះ​ផ្សាយ​នៅ​ថ្ងៃ Thursday 12,Jan 2017 10:59 AM) | អ្នកទស្សនា 2

ព័ត៌មានដែលពេញនិយម


Copyright © 2016 Postshareall.COM.