ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនទូទាំងប្រទេស រយៈពេល១១ថ្ងៃកន្លងទៅនេះសមត្ថកិច្ចនគរបាលនិងកម្លាំងកងរាជអាវុធហត្ថនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅតាម បណ្តាខេត្តនានាបង្ក្រាបបទល្មើសជួញដូរចែកចាយនិងប្រើប្រាស់គ្រឿងញៀនបានរាប់រយករណី មានជនសង្ស័យរាប់ពាន់នាក់ត្រូវបានឃាត់ខ្លួន ហើយវត្ថុតាងគ្រឿងញៀននិងសម្ភារៈផ្សេងៗជាច្រើនត្រូវបានរឹបអូស។ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនមានការគាំទ្រយ៉ាងខ្លាំងក្លាពីប្រជាពលរដ្ឋទូទៅព្រោះគ្រឿងញៀនកំពុងបំផ្លាញសង្គមខ្មែរយ៉ាងមហន្តរាយ ជាពិសេសគឺបំផ្លាញធនធានមនុស្សតែម្តង ជាក់សែ្តងកន្លងបន្សាបគ្រឿងញៀនត្រូវបានពង្រីកជា បន្តបន្ទាប់។ ទោះជាយ៉ាងណាមហាជនមិនសូវមានជំនឿលើប្រសិទ្ធភាពនៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅពេលនេះទេ ព្រោះរយៈពេល១១ថ្ងៃកន្លងទៅនេះសសមត្ថកិច្ចបង្ក្រាបបានតែអ្នកជួញដូរចែកចាយគ្រឿងញៀនតូចតាចនិងអ្នកប្រើប្រាស់ប៉ុណ្ណោះ។

កាលពីវេលាម៉ោង៩យប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បានចោះបង្ក្រាបបទល្មើសគ្រឿងញៀននៅប្លុកមុខពេទ្យលោកសង្ឃ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ហើយតំបន់នេះត្រូវបានគេដឹងថាជាសម្បុកគ្រឿងញៀនដ៏ធំនៅក្នុងរាជធានីភ្នំពេញ។ នៅក្នុងការបង្ក្រាបនោះសមត្ថិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យ១១នាក់ រឹបអូសគ្រឿងញៀន៧កញ្ចប់ធំ ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន២ ថង់រំលែកគ្រឿងញៀនមួយចំនួនព្រមទាំងឧបករណ៍ប្រើប្រាស់គ្រឿងញើនមួយចំនួនទៀត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ប៉ុន្តែប្រជាពលរដ្ឋក្នុងភូមិត្រពាំងឈូក ពុំមានជំនឿលើការបង្ក្រាបរបស់សមត្ថកិច្ចទេព្រោះកាលពីឆ្នាំ២០១៦ កន្លងទៅសមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនក្នុងតំបន់នេះរាប់សិបករណីនិងឃាត់ខ្លួនមនុស្សរាប់រយនាក់ ហើយទីបំផុតបទល្មើសនៅតែបន្តកើតមានយ៉ាងពេញបន្ទុកដដែល។

មជ្ឈដ្ឋាននានាបានលើកឡើងថា ការបង្ក្រាបបទល្មើសគ្រឿងញៀនក្នុងតំបន់ភូមិត្រពាំងឈូកពុំមានប្រសិទ្ធភាពទេ ព្រោះកន្លងមកសមត្ថកិច្ចបង្ក្រាបបានតែអ្នកជួញដូរចែក ចាយគ្រឿងញៀនតូចតាចនិងអ្នកប្រើប្រាស់គ្រឿងញៀន ចំណែកមេខ្លោងធំៗមិនទាន់ឃើញសមត្ថកិច្ចវែកមុខយកទៅផ្តន្ទាទោសតាមច្បាប់នៅឡើយ។ ជាងនេះទៅទៀតកន្លងមកអ្នកជួញដូរចែកចាយគ្រឿងញៀននៅតំបន់ភូមិត្រពាំងឈូកមួយចំនួន ត្រូវជាប់ពន្ធនាគារមិនបានប៉ុន្មានខែផង ក៏ឃើញមុខសមត្ថកិច្ចចាប់បានម្តងទៀតដែលជារឿងប្រកបដោយអាថ៌កំបាំងយ៉ាងខ្លាំង។ ដូច្នេះដើម្បីបង្ក្រាបគ្រឿងញៀននៅតំបន់ភូមិត្រពាំងឈូក និងនៅតំបន់ផ្សេងៗទៀតប្រកបដោយប្រសិទ្ធភាព គឺមន្ត្រីអាជ្ញាធរក៏ដូចជាសមត្ថកិច្ចនគរបាលនិងសមត្ថកិច្ចអាវុធ ហត្ថត្រូវវែកមុខឧក្រិដ្ឋជនជាមេខ្លោងជួញដូរចែកចាយគ្រឿងញៀនធំៗយកទៅកាត់ទោសតាមច្បាប់ឲ្យខាងតែបាន៕

IMG_1559IMG_1560IMG_1558

គេហទំព័រដើម Moneaksekar

(ចុះ​ផ្សាយ​នៅ​ថ្ងៃ Thursday 12,Jan 2017 11:22 AM) | អ្នកទស្សនា 19

ព័ត៌មានដែលពេញនិយម


Copyright © 2016 Postshareall.COM.