អ្នក​ច្បាប់​ជំរុញ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល យក​ចិត្ត​ទុក​ដាក់​ស្វែង​រក​យុត្តិធម៌​សម្រាប់​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ម្នាក់ ដែល​ស្លាប់​ដោយ​លង់ទឹក​ក្រោយ​ពេល​ធ្លាក់​ទឹក​ទន្លេសាប នៅ​ពេល​ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ ដេញ​ចាប់។

បងស្រី​របស់​ស្ត្រី​ដែល​លង់​ទឹក​ស្លាប់​លើក​ឡើង​ពី​ភាព​មិន​ច្បាស់​លាស់​ក្នុង​ការ​ដាក់​ពាក្យ​បណ្ដឹង​ករណី​នេះ​ ដោយ​សំអាង​ពី​កង្វះ​ធនធាន និង​មិន​ដឹង​ថា អាច​រក​យុត្តិធម៌​បាន​តាម​របៀបណា ស្រប​ពេល​ដែល​អាជ្ញាធរ​សន្យា​ផ្ដល់​ជំនួយ​ផ្គត់ផ្គង់​គ្រួសារ។ ក្រុម​អង្គការ​សង្គម​ស៊ីវិល ការពារ​សិទ្ធិ​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​អះអាង​ថា នឹង​មិន​បោះបង់​ចោល​ករណី​នេះ​ឡើយ។

នាយក​ប្រតិបត្តិ​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា បញ្ជាក់​ថា ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ​ទាំង​សាធារណជន​ទាំង​អង្គការ​សង្គម​ស៊ីវិល អាច​ដាក់​បណ្ដឹង​ដើម្បី​ស្វែង​រក​យុត្តិធម៌​ដល់​ជន​រង​គ្រោះ។

ស្ត្រី​រកស៊ី​ផ្លូវ​ភេទ​ម្នាក់ ឈ្មោះ ប៉ែន សុគន្ធា ហៅ​ស្រី​ម៉ៅ ត្រូវ​បាន​អ្នក​ឃើញ​ហេតុការណ៍​កាល​ពី​យប់​ថ្ងៃ​អាទិត្យ ទី​១ ខែ​មករា ឆ្នាំ​២០១៧ មាន​អ្នក​នៅ​ហ្នឹង​កន្លែង​កើត​ហេតុ​មួយ​ចំនួន​លើក​ឡើង​ថា ត្រូវ​ក្រុម​សន្តិសុខ​របស់​សាលា​ខណ្ឌ​ដូនពេញ ជា​ច្រើន​នាក់​បាន​ដេញ​ចាប់​រហូត​នាង​ធ្លាក់​ទឹក និង​បាន​លង់​ទឹក​ស្លាប់។ លើស​ពី​នេះ​មាន​អ្នក​អះអាង​ថា សន្តិសុខ​ដែល​បាន​ដេញ​ទៅ​ដល់​មាត់​ទន្លេ​សាប​ត្រង់​សួន​ខាង​ក្រោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នោះ​សន្តិសុខ​បាន​រារាំង​មិន​ឲ្យ​មាន​អ្នកជួយ​ស្រី​ម៉ៅ នោះ​ថែម​ទៀត។

នាយក​ប្រតិបត្តិ​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក ហុង គឹមសួន មាន​ប្រសាសន៍​ថា ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ​ចាំបាច់​ណាស់​ត្រូវ​រក​យុត្តិធម៌​ជូន​អ្នក​រងគ្រោះ៖ «ទោះ​បី​មាន​សំណង​ប្រចាំ​ខែ ប្រចាំ​ថ្ងៃ ចិញ្ចឹម​ក្មេង​អី​ហ្នឹង ជា​រឿង​មនុស្ស​ធម៌​របស់​រដ្ឋាភិបាល​ទេ ប៉ុន្តែ​បទល្មើស​កើត​ឡើង​គឺ​នៅ​លើ​សន្តិសុខ​មួយ​ណា​នោះ ដែល​បាន​ដេញ​គេ​ធ្លាក់​ទឹក​ស្លាប់​ហើយ​មិន​ឲ្យ​គេ​ជួយ​​​​​សង្គ្រោះ​ជីវិត​នោះ»

សាច់​ញាតិ​របស់ ប៉ែន សុគន្ធា លើក​ឡើង​ថា គាត់​មិន​ចង់​ប្ដឹង​ផ្ដល់​អ្វី​ទេ​នៅ​ពេល​នេះ ម្យ៉ាង​មិន​សូវ​យល់​ដឹង​ពី​ផ្លូវ​ច្បាប់ ម្យ៉ាង​មិន​សូវ​មាន​ប្រាក់កាស​ដើម្បី​តតាំង​តាម​ផ្លូវ​ច្បាប់។ សាច់​ញាតិ​ដដែល​ឲ្យ​ដឹង​ថា អាជ្ញាធរ​ខណ្ឌ​ដូនពេញ ដែល​ដឹកនាំ​ដោយ​អភិបាល​ខណ្ឌ គឺ​លោក សុខ ពេញវុធ បាន​នាំ​យក​ជំនួយ​អង្ករ គ្រឿង​ឧបភោគ​បរិភោគ​ទៅ​ឲ្យ​គាត់ និង​កូន​ប្រុស​ពិការ​វ័យ ៦​ឆ្នាំ របស់​ស្រីម៉ៅ ព្រម​ទាំង​បាន​សន្យា​ថា នឹង​ផ្ដល់​ប្រាក់​ចំនួន ២០០​ដុល្លារ​ជា​រៀង​រាល់​ខែ ក្នុង​រយៈ​ពេល ១៣​ឆ្នាំ ដែល​ជា​ប្រាក់​ជួយ​ឧបត្ថម្ភ​ចិញ្ចឹម​ក្មេង និង​ព្យាបាល​ជំងឺ។

បងស្រី​របស់​ស្រី​ម៉ៅ គឺ​លោកស្រី ប៉ែន ម៉េងគី បាន​ថ្លែង​ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា គ្រួសារ​លោកស្រី​ពុំ​មាន​លទ្ធភាព​ប្ដឹងផ្ដល់​ទេ៖ «កាល​ពី​ថ្ងៃ​សុក្រ​មុន គាត់​បាន​ជួយ​អង្ករ​ហ្នឹង​មួយ​បាវ​ ខាង​កាកបាទក្រហម (៩០​គីឡូក្រាម) ហើយ​មាន​មី មាន​ទឹកត្រី មាន​ទឹកដោះ​គោ មាន​ភួយ មាន​ក្រមា មាន​មុង ហើយ​លុយ​ចិញ្ចឹម​អា​អូន (កូន​នាង ប៉ែន សុគន្ធា) មួយ​ខែ ១០០ និង​ចាក់​​ឆ្នាំ​ជើង ១០០ ដែរ។ បើ​យើង​ប្ដឹង​ទៀត សំខាន់​យើង​អត់​មាន​លុយ​ចុះ​ឡើង ហើយ​ណា​មួយ​យើង​អត់​​មាន​ភស្តុតាង​ពិត​ប្រាកដ យើង​បាន​តែ​ឮ​គេ​ថា យើង​មាន​ភស្តុតាង​ឯ​ណា»

ឆ្លើយ​តប​ករណី​នេះ អ្នក​គ្រប់គ្រង​ការិយាល័យ​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា ព្រះរាជអាជ្ញា​ជា​អ្នក​ដែល​ទទួល​ខុស​ត្រូវ​ក្នុង​ករណី​ដែល​មាន​បទល្មើស និង​ការ​សង្ស័យ​ពាក់ព័ន្ធ​ដទៃ​ទៀត។ លោក​ទទួល​ស្គាល់​ដែរ​ថា អង្គការ​សង្គម​ស៊ីវិល និង​សាធារណជន​អាច​ដាក់​បណ្ដឹង​បរិហារ​បាន ប្រសិន​បើ​ព្រះរាជអាជ្ញា​ពុំ​មាន​ចំណាត់​ការ​ករណី​នេះ៖ «បណ្ដឹង​បរិហារ​ហ្នឹង​អ្នក​ណា​ក៏​បាន​ដែរ ក៏​អាច​ឈរ​ដើម្បី​ឲ្យ​ព្រះរាជអាជ្ញា​គាត់​ធ្វើ​ការ​លើ​រឿង​ហ្នឹង»

អាស៊ីសេរី​នៅ​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នក​នាំ​ពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​១១ ខែ​មករា។

ចំពោះ​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការងារ​ការពារ​ការ​បំពាន​សិទ្ធិ​អ្នក​រក​ស៊ី​ផ្លូវ​ភេទ​លើក​ឡើង​ថា គេ​នឹង​មិន​បោះ​បង់​ករណី​នេះ​ទេ ប៉ុន្តែ​ក៏​មិន​បញ្ជាក់​ថា នឹង​ដាក់​បណ្ដឹង​ជាក់លាក់​នៅ​ពេល​ណា​ឡើយ។

ប្រធាន​បណ្ដាញ​ការងារ​ស្ត្រី​រួប​រួម​គ្នា អ្នកស្រី ប៉ិច ប៉ូឡែត មាន​ប្រសាសន៍​ថា ក្រុម​អ្នកស្រី​នឹង​រិះរក​មធ្យោបាយ​ធ្វើ​យ៉ាង​ណា​អាច​រក​យុត្តិធម៌​ឲ្យ​នារី​រង​គ្រោះ​បាន​ផង និង​អាច​ទប់ស្កាត់​មិន​ឲ្យ​មាន​រឿង​បែប​នេះ​កើត​លើ​ស្ត្រី​ដទៃ​ទៀត​បាន​ផង៖ «អ៊ីចឹង​ហើយ​បាន​ជា​យើង​គិត​វែង​ឆ្ងាយ និង​ស៊ី​ជម្រៅ​បន្តិច ទាក់ទង​នឹង​​ការ​លើក​ករណី​អី​មួយ​មក​ធ្វើ។ ពួក​យើង​ក៏​មិន​ចង់​បាន​យុត្តិធម៌​តែ​ករណី​នេះ​ទេ ព្រោះ​វា​អាច​នឹង​កើត​​ឡើង​ស្រ្តី​ផ្សេង​ទៀត»

ក្រោយ​ពី​ធ្លាក់​ទឹក​កាល​ពី​យប់​ថ្ងៃ​ទី​១ ខែ​មករា សព​របស់​នាង ប៉ែន សុគន្ធា ត្រូវ​គេ​ស្រង់​បាន​នៅ​ក្បែរ​ស្ពាន​ច្បារអំពៅ។ របាយការណ៍​របស់​ប៉ូលិស​បាន​បញ្ជាក់​យ៉ាង​ខ្លី​ថា នាង​ស្លាប់​ដោយ​លង់​ទឹក។ ភ្លាមៗ​នោះ សាច់ញាតិ​បាន​អំពាវនាវ​រក​យុត្តិធម៌​សម្រាប់​នាង ប៉ែន សុគន្ធា ជា​ពិសេស​ជួយ​ទៅ​ដល់​កូន​ប្រុស​ពិការ​របស់​នាង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គេហទំព័រដើម វិទ្យុអាស៊ីសេរី​

(ចុះ​ផ្សាយ​នៅ​ថ្ងៃ Thursday 12,Jan 2017 11:45 AM) | អ្នកទស្សនា 3

ព័ត៌មានដែលពេញនិយម


Copyright © 2016 Postshareall.COM.