តំណាងរាស្រ្ត និងជាមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ លោក អេង ឆៃអ៊ាង ក្នុងកាសចូលជួបពិភាក្សាការងារជាមួយមន្រ្តីជាន់ខ្ពស់ក្រសួងធម្មការនិងសាសនា កាលពីពេលថ្មីៗនេះ លោកបានលើកទឹកចិត្តដល់ក្រសួងធម្មការនិងសាសនា គប្បីបំពេញការងារឲ្យកាន់តែសកម្មថែមទៀត។

លោក អេង ឆៃអ៊ាង បានជំរុញឲ្យក្រសួងធម្មការនិងសាសនា គប្បីបន្តដោះស្រាយបញ្ហានានាដែលនៅសេសសល់បន្ថែមទៀត ពិសេសគឺការយកចិត្តទុកដាក់ក្នុងការរួមចំណែកលើកកម្ពស់ សីលធម៌សង្គម តាមរយៈការពង្រឹងនិងពង្រីកការអប់រំផ្នែកសាសនា ដល់គ្រប់ស្រទាប់មហាជននៅទូទាំងប្រទេសកម្ពុជា។

គួរបញ្ជាក់ថា បញ្ហាវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ពុទ្ធិកសាកលវិទ្យាល័យ បញ្ហាសំណុំរឿងព្រះសង្ឃនៅតុលាការ បញ្ហាជេរប្រមាថព្រះសង្ឃ និងព្រះពុទ្ធសាសនា ព្រមទាំងបញ្ហាសហលក្ខន្តិកៈមន្ត្រីសង្ឃជាអាទិ៍ គឺជាបញ្ហារសើបដែលត្រូវលើកយកទៅពិភាក្សានិងដោះស្រាយរវាងមន្រ្តីគណៈកម្មការជំនាញនៃរដ្ឋសភា ជាមួយមន្រ្តីក្រសួងធម្មការនិងសាសនា ដែលបញ្ហាទាំងនោះកំពុងរងការរិះគន់ពីប្រជាពលរដ្ឋផងដែរ។

ការពង្រឹងគុណភាពប្រព័ន្ធគ្រប់គ្រងដឹកនាំ រួមមានប្រព័ន្ធរដ្ឋបាល សហលក្ខន្តិកៈ វិធានការ ការអភិរក្ស និងការអភិវឌ្ឍវិស័យសាសនា ដើម្បីឲ្យមានប្រសិទ្ធភាព និងផ្តល់គុណតម្លៃដល់មន្ត្រីរាជការ និងមន្ត្រីសង្ឃ ដោយជំរុញលើកទឹកចិត្ត និងលើកកម្ពស់វិស័យអប់រំផ្នែកពុទ្ធចក្រក្នុងសង្គមជាតិ គឺត្រូវបានមន្រ្តីគណបក្សសង្រ្គោះជាតិបញ្ជាក់ថា ជាគោលនយោបាយរបស់គណបក្សសង្រ្គោះជាតិចង់សម្រេចឲ្យបានផងដែរ។

ទន្ទឹមនឹងនេះមន្រ្តីគណបក្សសង្រ្គោះជាតិ កន្លងមកក៏បានបញ្ជាក់ដែរថា ព្រះសង្ឃដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអប់រំ ផ្តល់ពុទ្ធឱវាទ អប់រំសីលធម៌ផ្លូវចិត្ត អប់រំសីលធម៌សង្គម ដល់ប្រជាពលរដ្ឋដែលជាសមាជិកនៃសង្គមនោះគួរតែមានការលើកទឹកចិត្តពីភាគីពាក់ព័ន្ធ ពិសេសរាជរដ្ឋាភិបាល៕

IMG_1568

គេហទំព័រដើម Moneaksekar

(ចុះ​ផ្សាយ​នៅ​ថ្ងៃ Thursday 12,Jan 2017 13:52 PM) | អ្នកទស្សនា 4

វីដេអូថ្មីៗសំរាប់ថ្ងៃនេះ


ព័ត៌មានដែលពេញនិយម


Copyright © 2016 Postshareall.COM.