ពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប បានបង្ហើបឲ្យដឹងថា លោក ឆេង គឹមហេង នគរបាលចរាចរណ៍ខេត្តសៀមរាប ដែលគេមើលទៅដូចជាសកម្មនឹងការងារចរាចរណ៍ខ្លាំងណាស់ តែតាមការពិតគឺកំពុងធ្វើអាជីវកម្មដោយប្រើសិទ្ធិអំណាចរបស់ខ្លួន និងបក្ខពួកទៅគាបយកលុយពីប្រជាពលរដ្ឋយ៉ាងរលូន។

ដើម្បីរកលុយយកធ្វើមានបានផ្ទាល់ខ្លួននិងបក្ខពួក មន្រ្តីនគរបាលចរាចរណ៍ខេត្តសៀមរាបសព្វថ្ងៃនេះ ត្រូវបានប្រជាពលរដ្ឋរិះគន់ថា កំពុងធ្វើសកម្មភាពខុសច្បាប់ដោយចាប់រថយន្តគាបយកលុយយ៉ាងគឃ្លើន ទោះជាការផាកពិន័យនោះខុសច្បាប់ក៏ដោយក៏មន្រ្តីនគរបាលចរាចរណ៍ទាំងនោះនៅផ្គើនដដែល។

ជារៀងរាល់ថ្ងៃគេឃើញមានមនុស្សមួយចំនួន ជាអ្នកកាន់កាមេរ៉ាថតរថយន្តតាមដងផ្លូវ និងមួយចំនួនទៀតកាន់វិទ្យុទាក់ទង សម្រាប់រាយការណ៍ទៅកាន់ទីតាំងផាកពិន័យនានាក្នុងក្រុងសៀមរាប និងខេត្តសៀមរាប ដែលទង្វើទាំងនេះមិនមែនជាអ្នកគោរពច្បាប់នោះទេ ហើយក្រុមនគរបាលចរាចរណ៍ស្ថិតនៅពីក្រោយសកម្មភាពនេះ ដែលវាមិនត្រឹមតែខុសច្បាប់នោះទេ តែក៏មិនបានជួយពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផងដែរ។

ពលរដ្ឋក្រុងសៀមរាប បានបញ្ជាក់ថាមន្រ្តីនគរបាលចរាចរណ៍ ពេលផាកពិន័យតែងតែចោទប្រកាន់សួរគ្រប់ចំណុចទាល់តែចាប់កំហុសបាន ហើយការផាកពិន័យដែលប្រាក់មួយចំនួនមិនបានចូលថវិកាជាតិនោះទេ គឺបង់ក្រៅផ្លូវការតាមរយៈការសម្របសម្រួលជាមួយពលរដ្ឋដែលល្មើសច្បាប់ចរាចរណ៍។

បញ្ហាខាងលើនេះ មន្រ្តីនគរបាលចរាចរណ៍ខេត្តសៀមរាប ពិសេសលោក ឆេង គឹមហេង ត្រូវបាន ពលរដ្ឋរិះគន់ថា កំពុងធ្វើស្រែស្របច្បាប់ដូចពាក្យមួយពោលថាកន្ទេលធំបន្លំដេកដែលយកយុទ្ធនាការអនុវត្តន៍ច្បាប់ចរាចរណ៍មកធ្វើអាជីវកម្មគាបយកលុយពីពលរដ្ឋដែលមិនខ្វល់ពីច្បាប់ទម្លាប់អ្វីឡើយ។

គួរបញ្ជាក់ថ្មីៗនេះ លោក នេត សាវឿន អគ្គស្នងការនគបាលជាតិ បានព្រមានដល់មន្រ្តីនគរបាលចរាចរណ៍ទូទាំងប្រទេសធ្ងន់ៗថា សម្រាប់មន្ត្រីនគរបាលចរាចរណ៍ ដែលប្រចាំការនៅតាមដងផ្លូវ ចាប់ពីពេលនេះទៅលោកនឹងចាត់វិធានការលែងឲ្យមានការអប់រំទៀត។ លោក នេត សាវឿន បានបញ្ជាក់ថា មន្ត្រីនគរបាលចរាចរណ៍ដែលប្រចាំការនៅដងផ្លូវ ត្រូវប្រើប្រាស់ឥរិយាបថឲ្យបានត្រឹមត្រូវ ត្រូវប្តូរចរិតកោសរូសទារប្រាក់ឬទទួលប្រាក់សូកពីពលរដ្ឋ ហើយត្រូវប្រើសំដីសំដៅឲ្យសមរម្យដាក់ពលរដ្ឋ ហើយថាសម្រាប់បញ្ហានេះបើនគរបាលធ្វើមិនបាន ហើយបើលោករកឃើញភស្តុតាងគឺត្រូវបញ្ជូនទៅតុលាការតែម្តង៕

IMG_1565 IMG_1566

គេហទំព័រដើម Moneaksekar

(ចុះ​ផ្សាយ​នៅ​ថ្ងៃ Thursday 12,Jan 2017 13:47 PM) | អ្នកទស្សនា 0

ព័ត៌មានដែលពេញនិយម


Copyright © 2016 Postshareall.COM.