ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ហាក់​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង បន្ទាប់​ពី​អាសនៈ​សភា​របស់​ខ្លួន​បាត់បង់​យ៉ាង​គំហុក​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៣។ សំឡេង​ឆ្នោត​គាំទ្រ​ពី​ពលរដ្ឋ​មក​លើ​គណបក្ស​កាន់​អំណាច​មួយ​នេះ អាច​នឹង​ធ្លាក់​ចុះ​ថែម​ទៀត​នៅ​ក្នុង​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ ហើយ​មូលហេតុ​នៃ​ការ​បន្ត​ធ្លាក់​ចុះ​នោះ អាច​បណ្ដាល​មក​ពី​ទង្វើ និង​គោល​នយោបាយ​របស់​បក្ស​កាន់​អំណាច​ខ្លួន​ឯង។

តើ​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​អ្វី​ខ្លះ​ដែល​អាច​នាំ​ឲ្យ​បន្ត​បាត់បង់​ការ​គាំទ្រ​ពី​ពលរដ្ឋ​នោះ?

ប្រវត្តិសាស្ត្រ​លើ​ពិភពលោក​បង្ហាញ​ថា កាន់​អំណាច​កាន់​តែ​យូរ កាន់​តែ​មាន​កំហុស​ច្រើន។ គណបក្ស​ប្រជាជន​កម្ពុជា គឺ​ជា​គណបក្ស​កាន់​អំណាច​យូរ​ជាង​គេ​នៅ​ក្នុង​សម័យ​ទំនើប​នៃ​ប្រវត្តិសាស្ត្រ​កម្ពុជា។

ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​នូវ​ចំនួន​អាសនៈ​សភា​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ គឺ​ជា​តឹកតាង​បញ្ជាក់​ពី​ការ​ធ្លាក់​ចុះ​ប្រជាប្រិយភាព​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ មូលហេតុ​ចម្បង​មួយ​នៃ​ការ​ធ្លាក់​ចុះ​ប្រជាប្រិយភាព អាច​បណ្ដាល​មក​ពី​ចលនា​ដើរ​បញ្ច្រាស​ទិស​គ្នា​រវាង​ប្រជាពលរដ្ឋ និង​គណបក្ស​កាន់​អំណាច​មួយ​នេះ ពោល គឺ​នៅ​ពេល​ប្រជារាស្ត្រ​កាន់​តែ​យល់​ដឹង​ច្រើន​ឡើងៗ​អំពី​សិទ្ធិ​សេរីភាព​ស្រប​ច្បាប់​របស់​ខ្លួន ភ្នាក់ងារ​រដ្ឋ​ហាក់​កាន់​តែ​ប្រើ​អំណាច​បង្ក្រាប​ទៅ​លើ​ពួក​គេ។

រហូត​មក​ដល់​ពេល​នេះ គណបក្ស​ប្រជាជន​កម្ពុជា កាន់​អំណាច​ជិត ៤០​ឆ្នាំ​ហើយ គឺ​អាច​និយាយ​បាន​ថា ឡើង​ដុះ​ស្នឹម​ទៅ​ហើយ។ នៅ​ពេល​ស្នឹម​ដុះ​កាន់​តែ​ក្រាស់ លាង​សម្អាត​កាន់​តែ​ពិបាក។ ស្នឹម​នៃ​គ្រួសារ​និយម បក្សពួក​និយម និង​ស្នឹម​និទ្ទណ្ឌភាព ឬ​ស្នឹម​វប្បធម៌​ឯង​ជួយ​អញ អញ​ជួយ​ឯង​កាន់​តែ​រីក​ក្រាស់​ឡើង​ដែរ។

នៅ​ពេល​ស្នឹម​ដុះ​កាន់​តែ​ក្រាស់ លាង​សម្អាត​កាន់​តែ​ពិបាក

គឺ​ដោយសារ​ស្នឹម​ក្រាស់​ទាំងនេះ​ហើយ បណ្ដាល​ឲ្យ​កម្ពុជា មាន​វិបត្តិ​រ៉ាំរ៉ៃ​មួយ​ចំនួន​មិន​អាច​ដោះស្រាយ​ចេញ ក្នុង​នោះ​មាន​វិនាសកម្ម​ធនធាន​ធម្មជាតិ ទំនាស់​ដីធ្លី ប្រព័ន្ធ​យុត្តិធម៌​មិន​ឯករាជ្យ ការ​រំលោភ​សិទ្ធិ​មនុស្ស អំពើ​ពុក​រលួយ ជាដើម។

ទោះ​បី​ជា​យ៉ាង​ណា គណបក្ស​កាន់​អំណាច​តែងតែ​ច្រាន​ចោល ឬ​លើក​ហេតុផល​ដោះសា​ចំពោះ​ការ​ចោទ​ប្រកាន់​ទាំង​អំបាលម៉ាន​នេះ។ ការ​មិន​ទទួល​ស្គាល់​ការពិត ប្រហែល​ជា​មិន​បាន​ជួយ​ដល់​គណបក្ស​កាន់​អំណាច​ទេ។

ចំណែក​ចរន្ត​ពលរដ្ឋ​ខ្មែរ​វិញ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ ពួក​គេ​កាន់​តែ​មាន​ការ​យល់​ដឹង​ច្រើន​ឡើងៗ​អំពី​សិទ្ធិ​សេរីភាព និង​ករណីយកិច្ច​របស់​ខ្លួន​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។ ការ​រីក​ចម្រើន​យ៉ាង​លឿន​នៃ​បច្ចេកវិទ្យា​ផ្នែក​បណ្ដាញ​សង្គម ដែល​អាច​មើល​ឃើញ និង​ចែក​ចាយ​ហេតុការណ៍​ដែល​កើត​ឡើង​ជុំវិញ​ពិភពលោក​ភ្លាមៗ​នោះ វា​ជា​ជំនួយ​មួយ​ជំរុញ​ឲ្យ​ពលរដ្ឋ​កម្ពុជា ក្លាយ​ទៅ​ជា​អ្នក​តាម​ឃ្លាំ​មើល​ហេតុការណ៍ និង​វាយ​តម្លៃ​ស្ថានការណ៍​ស្រុក​ទេស​របស់​ខ្លួន​ដោយ​ខ្លួន​ឯង។

នៅ​ពេល​គណបក្ស​នយោបាយ​មួយ​មាន​ឱកាស​ដឹកនាំ​ប្រទេស​ម្តង​ហើយ​ម្តង​ទៀត ប៉ុន្តែ​មិន​យក​ឱកាស​មាស​នោះ​មក​ធ្វើ​កំណែ​ទម្រង់​ឲ្យ​ជាតិ​រុងរឿង​តាម​ឆន្ទៈ​រាស្ត្រ ម្ចាស់​ឆ្នោត​អាច​នឹង​នឿយ​ណាយ ហើយ​ងាក​ទៅ​ផ្តល់​ឱកាស​ឲ្យ​គណបក្ស​ផ្សេង។ និយាយ​ជា​រួម នៅ​ពេល​ណា​គណបក្ស​កាន់​អំណាច​ប្រព្រឹត្ត​កំហុស​កាន់​តែ​ច្រើន ឱកាស​នៃ​ជ័យជម្នះ​របស់​គណបក្ស​ប្រឆាំង​កាន់​តែ​មាន​ច្រើន​ដែរ។

គិត​ត្រឹម​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ សកម្មភាព​មិន​មាន​ប្រជាប្រិយ ឬ​ករណី​ខ្លះ​មិន​ស្រប​ច្បាប់​ផង​នោះ បង្ក​ឡើង​ដោយ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ច្រើន​ករណី។

ធ្វើ​ការ​ល្អ ទទួល​រង្វាន់

ជា​ត្រួសៗ ករណី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​កាដូ​ចុង​ឆ្នាំ​ពិសេស​ដល់​អង្គរក្ស​ពីរ​នាក់​របស់​លោក​ដែល​មាន​ឈ្មោះ​ល្បី។ នៅ​ជិត​ដំណាច់​ឆ្នាំ​២០១៦ លោក​នាយក​រដ្ឋមន្ត្រី​បាន​ដំឡើង​បុណ្យ​ស័ក្តិ​ដល់​អង្គរក្ស​ពីរ​នាក់​របស់​លោក គឺ​ឈ្មោះ សុត វណ្ណី និង​ឈ្មោះ ម៉ៅ ហឿន បន្ទាប់​ពី​ពួក​គេ​ចេញ​ពី​ពន្ធនាគារ និង​កំពុង​ស្ថិត​ក្នុង​ការ​ព្យួរ​ទោស​របស់​តុលាការ។ អ្នក​ទាំង​ពីរ​ជាប់​ទោស​ពី​ការ​ព្រួត​គ្នា​វាយ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង លោក ញ៉យ ចំរើន និង​លោក គង់ សភា។

ការ​ដំឡើង​ឋានៈ​ដល់​ជន​ល្មើស​ច្បាប់ ត្រូវ​សាធារណជន​ថ្កោលទោស​ថា ជា​អំពើ​ខុស​សីលធម៌​ផង និង​ខុស​ច្បាប់​ផង។ កំហឹង​ជាច្រើន​បញ្ចេញ​តាម​ហ្វេសប៊ុក ចាត់​ទុក​ទង្វើ​នេះ​ផ្ទុយ​ពី​ឆន្ទៈ​រាស្ត្រ និង​ផ្គើន​ចិត្ត​ជន​រងគ្រោះ ដែល​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​ពេញលេញ​នៅ​ឡើយ។

ជន​សង្ស័យ​វាយ​តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ មក​តុលាការ ៨៥៥ ២០១៦
(ពី​ឆ្វេង) លោក សុត វណ្ណនី លោក ចាយ សារិទ្ធ និង​លោក ម៉ៅ ហឿន ជន​សង្ស័យ​វាយ​តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ ពេល​បញ្ជូន​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Rann Samnang RFA/Rann Samnang


ឃាតកម្ម​លោក កែម ឡី

ព្រឹត្តិការណ៍​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី អ្នក​វិភាគ​បញ្ហា​សង្គម​ដ៏​មាន​ប្រជាប្រិយ​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៦ ក៏​អាច​ជះ​ឥទ្ធិ​អាក្រក់​ដល់​គណបក្ស​កាន់​អំណាច​ដែរ ទាំង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ទទួល​ស្គាល់​ដូច្នេះ។ កាន់​តែ​មិន​អំណោយ​ផល​នោះ គឺ​ការ​លាក់លៀម​ព័ត៌មាន​នៅ​ក្រោយ​ឃាតកម្ម ដូចជា​កាមេរ៉ា​សុវត្ថិភាព​ដែល​អាច​បង្ហាញ​សកម្មភាព​ធ្វើ​ឃាត​លោក កែម ឡី និង​ការ​មិន​ពន្យល់​អំពី​អត្តសញ្ញាណ​ជន​ជាប់​ចោទ​ឈ្មោះ ជួប សម្លាប់ ជា​នរណា និង​មក​ពី​ណា​ជាដើម។

សព​លោក កែម ឡី ២០១៦ ៨៥៥
ប៉ូលិស​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​លោក កែម ឡី នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Cheu Sideth RFA/Cheu Sideth


អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បំបាក់​ស្មារតី​សង្គម​ស៊ីវិល

ព្រឹត្តិការណ៍​មួយ​ទៀត​ដែល​មិន​ធ្លាប់​មាន គឺ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ចេញ​មុខ​ចាប់​ខ្លួន​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក (ADHOC) ចោទ​ប្រកាន់​ពី​បទ​សូកប៉ាន់​សាក្សី ករណី​អ្នក​នាង ខុម ចាន់តារាទី ក្នុង​ទឹកប្រាក់​ជាង ២០០​ដុល្លារ​នោះ ត្រូវ​គេ​មើល​ឃើញ​ថា ជា​ចេតនា​គំរាម​កំហែង​បំបាក់​ស្មារតី​ក្រុម​សង្គម​ស៊ីវិល ដែល​តែង​រិះគន់​រដ្ឋាភិបាល។ គេ​អាច​និយាយ​ថា រដ្ឋាភិបាល​សម្រេច​បាន​តាម​បំណង​របស់​ខ្លួន ពីព្រោះ​ការ​ចាប់​ខ្លួន​មន្ត្រី​សិទ្ធិ​មនុស្ស​ទាំង ៤​រូប​នោះ បាន​បង្ខំ​ឲ្យ​ប្រធាន​សមាគម​សិទ្ធិ​មនុស្ស​មួយ​នេះ​គេច​ខ្លួន​ទៅ​នៅ​ក្រៅ​ប្រទេស។ ប៉ុន្តែ​ជា​ថ្នូរ​នឹង​ជោគជ័យ​ចំពោះ​មុខ​នេះ គណបក្ស​ប្រជាជន​កម្ពុជា អាច​នឹង​បាត់បង់​សន្លឹក​ឆ្នោត​គាំទ្រ​ថែម​ទៀត​ក្នុង​ពេល​បោះឆ្នោត​ខាង​មុខ ពីព្រោះ​ការ​ចាប់​ខ្លួន​អ្នក​ការពារ​សិទ្ធិ​មនុស្ស មិន​មែន​ជា​ទង្វើ​មាន​ប្រជាប្រិយ​ទេ។

មន្ត្រី​អាដហុក ៤​នាក់ នី ចរិយា ៦២០
ពី​ឆ្វេង៖ អគ្គលេខាធិការ​រង គ.ជ.ប លោក នី ចរិយា មន្ត្រី​សមាគម​អាដហុក (ADHOC) លោក នី សុខា អ្នកស្រី លឹម មុន្នី លោក ណៃ វ៉ង់ដា និង​លោក យី សុខសាន្ត។ RFA Photo: RFA


បញ្ហា​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន

ទំនាស់​ដីធ្លី​នៅ​ទូទាំង​ប្រទេស នៅ​តែ​ជា​វិបត្តិ​ដ៏​ធំ​មួយ​ដែល​ស្ថិត​ក្រោម​ការ​ទទួល​ខុស​ត្រូវ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​បក្ស​កាន់​អំណាច។ ការ​វិវាទ​ដីធ្លី​រ៉ាំរ៉ៃ ជះ​ឥទ្ធិពល​អាក្រក់​ដល់​សន្លឹក​ឆ្នោត​បក្ស​កាន់​អំណាច។ កាន់​តែ​ធ្ងន់ធ្ងរ​នោះ គឺ​ការ​ចិញ្ចឹម​ទុក​បញ្ហា​មិន​ព្រម​ដោះស្រាយ​ដោយ​យុត្តិធម៌ និង​ស្រប​តាម​ច្បាប់។

ឧទាហរណ៍ វិវាទ​ដីធ្លី​រ៉ាំរ៉ៃ​នៅ​តំបន់​បុរីកីឡា និង​បឹងកក់ ក្បែរ​ច្រមុះ​រដ្ឋាភិបាល ទុក​អូស​បន្លាយ​រាប់​ឆ្នាំ​ឆ្លង​ពី​អភិបាល​ក្រុង​មួយ​ចូល​អភិបាល​ក្រុង​មួយ។ ការ​ចិញ្ចឹម​ទុក​បញ្ហា ឬ​ដោះស្រាយ​យឺតយ៉ាវ ជំរុញ​ឲ្យ​មាន​បាតុកម្ម​តវ៉ា​ស្ទើរ​រៀង​រាល់​ថ្ងៃ បណ្ដាល​ឲ្យ​គណបក្ស​កាន់​អំណាច​ស្អុយ​ឈ្មោះ​កាន់​តែ​ខ្លាំង​ឡើងៗ។

ផ្អែក​តាម​ឯកសារ​ច្បាប់ ទំនាស់​ដីធ្លី​នៅ​បុរីកីឡា គឺ​បង្ក​ឡើង​ដោយ​អ្នកស្រី ស៊ុយ សុផាន ប្រធាន​ក្រុមហ៊ុន ផាន​អ៊ីម៉ិច (Phan Imex) ឃុបឃិត​ជាមួយ​លោក កែប ជុតិមា អតីត​អភិបាល​ក្រុង​ភ្នំពេញ មាន​ការ​គាំទ្រ​ពី​នាយក​រដ្ឋមន្ត្រី ក្នុង​ការ​បំពាន​កិច្ចសន្យា​សាងសង់​អគារ ២​ខ្នង​ជូន​ពលរដ្ឋ​បុរីកីឡា។

រឹតត្បិត​សេរីភាព​ជួបជុំ និង​សម្ដែង​មតិ

សេរីភាព​ប្រមូល​ផ្តុំ និង​តវ៉ា​សម្ដែង​មតិ​នៅ​តាម​ទី​សាធារណៈ បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​នៅ​ក្រោយ​មហា​បាតុកម្ម​ប្រឆាំង​លទ្ធផល​បោះឆ្នោត​ឆ្នាំ​២០១៣។ អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) បាន​ហៅ​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​ដោយ​បាញ់​សម្លាប់​កម្មករ​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ខែ បណ្ដាល​ឲ្យ​ស្លាប់​កម្មករ ៤​នាក់ បាត់​ខ្លួន​ម្នាក់ របួស​ជាង ៤០​នាក់ និង​ចាប់​ខ្លួន​ជាង ២០​នាក់​នៅ​ថ្ងៃ​ទី​២ និង​ទី​៣ ខែ​មករា​ឆ្នាំ​២០១៤ ថា​ជា​ការ​បង្ក្រាប​ខុស​ច្បាប់ មិន​ចាំបាច់ និង​មិន​សមាមាត្រ។

បន្ទាប់​មក សេរីភាព​បញ្ចេញ​មតិ​ត្រូវ​បាន​រឹតត្បិត និង​បង្ក្រាប​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ពេល​នោះ​មក ជាពិសេស​កាន់​តែ​មិន​មាន​ប្រជាប្រិយ ឬ​អាច​ខុស​ច្បាប់​ផង​នោះ គឺ​ការ​ដែល​កម្លាំង​សន្តិសុខ​ខណ្ឌ​ដែល​គ្មាន​ឈ្មោះ​ក្នុង​ក្របខ័ណ្ឌ​រដ្ឋ និង​គ្មាន​ការ​ហ្វឹកហាត់​អំពី​វិធី​បង្ក្រាប​បាតុកម្ម​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​នោះ ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​បង្ក្រាប​បាតុករ។

តុលាការ​ស្តង់ដារ​ពីរ

មូលហេតុ​ធំ​មួយ​ទៀត​ដែល​អាច​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា បន្ត​បាត់បង់​សំឡេង​គាំទ្រ​ពី​មហាជន​នោះ គឺ​ការ​មិន​ធ្វើ​កំណែ​ទម្រង់​ឲ្យ​តុលាការ​ឯករាជ្យ។ សម្រាប់​គណបក្ស​កាន់​អំណាច ការ​ដែល​អាច​ប្រើ​ឥទ្ធិពល​នយោបាយ​របស់​ខ្លួន​គ្រប​សង្កត់​លើ​តុលាការ​មិន​ឲ្យ​មាន​ឯករាជ្យ​ពេញ​បរិបូរណ៍​នេះ គឺ​ជា​អាវុធ​ដ៏​មុត​ស្រួច​មួយ​សម្រាប់​បង្ក្រាប​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល ដែល​តែង​រិះគន់​ចំណុច​អសកម្ម​របស់​រដ្ឋាភិបាល។ ក៏ប៉ុន្តែ​តម្លៃ​ដែល​ត្រូវ​លះបង់​នោះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា អាច​នឹង​នៅ​តែ​បាត់បង់​សន្លឹក​ឆ្នោត​គាំទ្រ​ពី​មហាជន ដរាប​ណា​ពួក​គេ​នៅ​តែ​មើល​ឃើញ​ថា តុលាការ​មាន​ស្តង់ដារ​ពីរ លម្អៀង​ទៅ​បម្រើ​បុព្វហេតុ​នយោបាយ។

រដ្ឋសភា​ធ្វើ​ច្បាប់​រឹតត្បិត​សេរីភាព

មិន​ខុស​គ្នា​ពី​តុលាការ​ប៉ុន្មាន​ទេ រដ្ឋសភា​ក៏​មិន​ឯករាជ្យ​ដែរ។ ឆក់​ឱកាស​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ពហិការ​តវ៉ា​លទ្ធផល​បោះឆ្នោត​មិន​ចូល​ប្រជុំ​សភា​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ តំណាង​រាស្ត្រ​បក្ស​កាន់​អំណាច​បាន​អនុម័ត​ច្បាប់​ចំនួន​បី ទាក់ទង​នឹង​វិស័យ​យុត្តិធម៌ គឺ «ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​អង្គការ​តុលាការ» «ច្បាប់​ស្ដីពី​លក្ខន្តិកៈ​ចៅក្រម និង​ព្រះរាជអាជ្ញា» និង «ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម»

សង្គម​ស៊ីវិល រួម​ទាំង​អតីត​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ផ្នែក​សិទ្ធិ​មនុស្ស លោក សុរិយា ស៊ូប៊ែឌី (Surya P. Subedi) រិះគន់​ថា ស្មារតី​នៃ​ច្បាប់​ទាំង​បី​បាន​ទាញ​យក​អំណាច​មួយ​ចំនួន​ពី​តុលាការ ឲ្យ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឯករាជ​ភាព​របស់​តុលាការ។ បន្តបន្ទាប់​មក​ទៀត រដ្ឋសភា​ក៏​បាន​អនុម័ត​ច្បាប់ និង​ធ្វើ​វិសោធនកម្ម​ច្បាប់​សំខាន់ៗ​មួយ​ចំនួន​ទៀត ដែល​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ រិះគន់​ថា ធ្វើ​ឲ្យ​លំហ​សេរីភាព​សម្ដែង​មតិ​រួម​តូច និង​ប៉ះពាល់​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​គោលការណ៍​សកល​នៃ​សង្គម​ប្រជាធិបតេយ្យ។

ច្បាប់​ទាំងនោះ​រួម​មាន ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​រឹតត្បិត​សកម្មភាព​សង្គម​ស៊ីវិល ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដែល​អនុញ្ញាត​ឲ្យ​កង​ប្រដាប់​អាវុធ និង​មន្ត្រី​តុលាការ​ចូលរួម​ឃោសនា​ឲ្យ​គណបក្ស​នយោបាយ ដែល​អាច​ជា​ការ​គំរាម​កំហែង​ដល់​អ្នក​បោះ

គេហទំព័រដើម វិទ្យុអាស៊ីសេរី​

(ចុះ​ផ្សាយ​នៅ​ថ្ងៃ Thursday 12,Jan 2017 16:44 PM) | អ្នកទស្សនា 2

វីដេអូថ្មីៗសំរាប់ថ្ងៃនេះ


ព័ត៌មានដែលពេញនិយម


Copyright © 2016 Postshareall.COM.